ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានប្រទេសណាមួយមានគោលនយោបាយហាមឃាត់ពលករមិនឱ្យចេញទៅធ្វើការនៅក្រៅប្រទេសនោះទេ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលនឹងធ្វើការសម្របសម្រួលលិខិតឆ្លងដែនដល់ បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស ឲ្យដល់ប្រទេសដែលពួកគាត់ធ្វើការនៅទីនោះតែម្តង ដើម្បីកុំឲ្យពួកគាត់លំបាកក្នុងការធ្វើដំណើរឡើងចុះ ដោយសម្តេចបានបញ្ជាក់ថា គម្រោងនេះនឹងចាប់ផ្តើមធ្វើឡើង នៅប្រទេសកូរ៉េមុនគេតែម្តង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថានៅលើលោកនេះ គ្មានប្រទេសណាមួយដែលមានគោលនយោបាយហាមឃាត់ពលករមិនឱ្យចេញទៅធ្វើការនៅក្រៅប្រទេសនោះទេ ដោយគ្រប់ប្រទេសទាំងអស់ នាំគ្នាជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នាំគ្នាខិតខំលុបបំបាត់ឧបសគ្គមួយចំនួនដើម្បីជំរុញឱ្យលំហូរទំនិញនិងលំហូរមនុស្សទៅមកងាយស្រួល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយ កម្មករ និយោជិត ចំនួនប្រមាណជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលស្ថិតនៅក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពាណិជ្ជកម្មសេរី គឺលំហូរមនុស្ស និងលំហូរផលិតផលទំនិញ រួមទាំងលំហូរបច្ចេកវិទ្យា និងលំហូរការងារជាដើម ប៉ុន្តែយើងក៏បានខិតខំលើកទឹកចិត្តដើម្បីឱ្យប្រជាពលរដ្ឋមានជម្រើសក្នុងការធ្វើការងារទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការទាក់ទាញវិនិយោគបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា យើងទទួលស្គាល់ថា មានពលករយើងទៅធ្វើការនៅថៃ ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង ប៉ុន្តែជាដំណោះស្រាយមួយយើងនៅតែខិតខំដើម្បីទាក់ទាញវិនិយោគ ពង្រីកឱកាសការងារនៅក្នុងប្រទេស លើកកម្ពស់បៀរវត្សនៅក្នុងប្រទេស និងជីវភាពពលរដ្ឋឱ្យបានខ្ពស់ដើម្បីកុំឱ្យបងប្អូនពិបាកទៅក្រៅប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់បញ្ជាក់ថា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងមិនអាចលើកកម្រិតបៀរវតស្សរបស់យើងស្មើអាមេរិកនោះឡើយ សូម្បីតែកូរ៉េ ក៏មិនអាចមានបៀរវត្សស្មើអាមេរិកនោះដែរ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចអនុញ្ញាតក៏មានការបង្កើតទីតាំងធ្វើប៉ាស្ព័រនៅក្រៅប្រទេសដោយចាប់ផ្ដើមពីប្រទេសកូរ៉េខាងត្បូង។

សម្ដេចថាធ្វើបែបនេះគឺដើម្បីផ្ដល់លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរដែលប៉ាស្ព័រហួសសពុលភាពអាចធ្វើដោយផ្ទាល់នៅទីតាំងនៃប្រទេសដែលខ្លួនកំពុងស្នាក់នៅបាន។

ជាមួយគ្នានេះសម្ដេចក៏បញ្ជាទៅដល់រដ្ឋមន្ត្រីយុត្តិធម៌ឲ្យរៀបចំនូវការធ្វើលិខិតថ្កោលទោសតាមប្រព័ន្ធអនឡាញផងដែរ៕

ដោយ ៖ សិលា 


ចែករំលែក៖