លោក Hansi Flick អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីចាញ់ជប៉ុនក្នុងលទ្ធផល ៤–១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ កញ្ញានេះក្នុងទឹកដីប្រទេសអាល្លឺម៉ង់។
កីឡាករ Junya Ito ជាអ្នកបើកការស៊ុតបញ្ចូលទីនាំមុខឱ្យក្រុមជប៉ុននៅនាទីទី១១ ប៉ុន្តែខ្សែប្រយុទ្ធ Leroy Sane របស់ Bayern Munich បានវាយបកវិញតាមស្មើឱ្យក្រុមម្ចាស់ផ្ទះ។ កីឡាករជប៉ុន Ayase Ueda បានស៊ុតចូលពីចម្ងាយយ៉ាងល្អដើម្បីស្ដារភាពមានប្រៀបរបស់ជប៉ុនឡើងវិញនៅពាក់កណ្តាលតង់ទីមួយនៅកីឡដ្ឋាន Volkswagen Arena ក្នុងទីក្រុង Wolfsburg ខណៈដែលកីឡាករ Takuma Asano និង Ao Tanaka បានបន្តរកបានម្នាក់១គ្រាប់ទៀតរហូតដល់ជប៉ុននាំមុខ៤ទល់១។
ការបរាជ័យជាលើកទី៤របស់អាឡឺម៉ង់ក្នុងការប្រកួត៥លើកចុងក្រោយរបស់ពួកគេក៏ជាការបរាជ័យដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីការចាញ់ ៦–០ ក្នុងការប្រកួត Nations League ទល់នឹងអេស្ប៉ាញកាលពីឆ្នាំ២០២០។ អតីតគ្រូបង្វឹកក្លិប Bayern Munich លោក Flick បានដឹកនាំឈ្នះត្រឹមតែ១២ប្រកួតប៉ុណ្ណោះក្នុងចំណោម២៥ប្រកួតរបស់គាត់ដែលទទួលបន្ទុកចាប់តាំងពីគាត់បានជំនួសកន្លែងលោក Joachim Low ក្នុងខែសីហា ឆ្នាំ២០២១។
អាឡឺម៉ង់ក៏បានចាញ់ ២–១ ទល់នឹងជប៉ុនក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ម្តងហើយ ខណៈដែល បានកត់ត្រាជ័យជម្នះត្រឹមតែ៣លើកប៉ុណ្ណោះពីការប្រកួត១២ចុងក្រោយរបស់ពួកគេ ពោលគឺបានផ្តួលអូម៉ង់ កូស្តារីកា និងប៉េរូ។ លោក Flick សម្តែងការខកដោយបាននិយាយថា “ខ្ញុំនៅតែគិតថា ខ្ញុំជាអ្នកចាត់ការត្រឹមត្រូវសម្រាប់ប្រទេសអាឡឺម៉ង់ ប៉ុន្តែដឹងពីរបៀបដែលអ្វីៗអាចផ្លាស់ប្តូរនៅក្នុងបាល់ទាត់អាជីព ហើយខ្ញុំមិនអាចមើលឃើញថានឹងទៅជាយ៉ាងណា” ។
ការខកចិត្តនេះ ប្រធានក្រុម Ilkay Gundogan បាននិយាយថា “យើងមិនល្អគ្រប់គ្រាន់ទេនៅពេលនេះ វាជាថ្ងៃដ៏ជូរចត់មួយ យើងទាំងអស់គ្នាត្រូវសួរសំណួរដោយខ្លួនឯង”។ ជាមួយគ្នានេះខ្សែបម្រើ Joshua Kimmich របស់ Bayern Munich បានបន្ថែមថា “ចំណុចសំខាន់គឺថា វាគឺជាការបរាជ័យដ៏ស័ក្តិសម។ យើងមិនមានអ្វីនាំមុខក្នុងតង់ទី២។ យើងពិតជាមិនបានលេងបានល្អទេចាប់តាំងពីការប្រកួត World Cup មក។ នេះត្រូវតែផ្តល់ឱ្យយើង ហើយយើងត្រូវចោទសួរពីគុណភាពរបស់យើង”។
អាឡឺម៉ង់ដែលជាម្ចាស់ផ្ទះ Euro 2024 ត្រូវទទួលក្រុមបារាំងក្នុងការប្រកួតមិត្តភាពនៅកីឡដ្ឋាន Signal Iduna Park របស់ក្លិប Dortmund នៅរាត្រីថ្ងៃអង្គារ មុនពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃទី១៥ កញ្ញាខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)