ក្រសួងមហាផ្ទៃម៉ារ៉ុកបានប្រកាសថា មកទល់ពេលនេះមានអ្នកស្លាប់កើនឡើងដល់២.០១២នាក់និងរបួស២.០៥៩នាក់ ក្នុងនោះមានជាង១.៤០០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ អាចប៉ះពាល់ដល់អាយុជីវិត។
តាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័រកណ្តាលនៃគ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុង អ៊ូកៃមេឌិន (Oukaimeden) នៃតំបន់ភ្នំអាត់ឡាស់(Atlas)ចម្ងាយ៧៥គីឡូម៉ែត្រពីទីក្រុងម៉ារ៉ាកេស (Marakech) ជាទីក្រុងធំលំដាប់ទី៤និងជាទីក្រុងប្រវត្តិសាស្រ្តរបស់ប្រទេសម៉ារ៉ុក។
គ្រោះរញ្ជួយដីខាងលើ មានជម្រៅ១៨.៥គីឡូម៉ែត្រក្រោមផ្ទៃដី ដែលជាទូទៅមានលទ្ធភាពបង្កការបំផ្លិចបំផ្លាញខ្លាំងធ្ងន់ធ្ងរ ជាងគ្រោះរញ្ជួយដីដែលមានកម្រិតរ៉ិចទ័រដូចគ្នាប៉ុន្តែមានជម្រៅជ្រៅៗ។ វាគឺជាគ្រោះរញ្ជួយផែនដីដែលផ្តាច់ជីវិតមនុស្សច្រើនជាងគេបំផុត នៅក្នុងប្រទេសអាហ្រ្វិកខាងជើងមួយនេះ គិតចាប់តាំងពីឆ្នាំ១៩៦០មក នៅពេលដែលគ្រោះរញ្ជួយដីមួយបានសម្លាប់មនុស្សយ៉ាងហោច ១២,០០០នាក់៕ ដោយ៖ ធីរីណា
រូបថត៖ Reuters