ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យជាជនជាតិថៃម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងអំពើលួចទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចាត់ការតាមនីតិវិធី ។
សមត្ថកិច្ចប្រាប់ថាៈ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ វរ៉ាឆេត សាប់ប៉ាសាន(WORACHETSAPPRA SAN) ហៅណាត់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងអំពើលួច ប្រព្រឹត្តកាលពីវេលាម៉ោង០២ទាបភ្លឺឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលម្តុំវត្តត្រាច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងករណីឃាត់ខ្លួននេះដោយយោងតាមពាក្យបណ្តឹងឈ្មោះ អាំងថុង ភីយ៉ាផន(AMTHUNG PIYAPORN) ហៅមេ ភេទស្រី អាយុ២៥ឆ្នាំ ជាជនជាតិថៃស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា៖ ជនរងគ្រោះ និងជនសង្ស័យ (ជាសង្សារធ្លាប់រស់នៅជាមួយគ្នាជិត១ឆ្នាំ)។ នៅថ្ងៃកើតហេតុជនរងគ្រោះ និងជនសង្ស័យ ពេលចេញពីកន្លែងផឹកស៊ីបានឈ្លោះប្រកែកគ្នាបន្តិចបន្តួច ហើយក៏នាំគ្នាជិះម៉ូតូកង់បី ទៅបន្ទប់ជួលដែលខ្លួនស្នាក់នៅជាមួយគ្នា ពេលទៅដល់បន្ទប់ជនរងគ្រោះមិនព្រមចូលទៅក្នុងបន្ទប់ទេ ជនសង្ស័យបានចាប់អូសដៃជនរងគ្រោះចូលក្នុងបន្ទប់ ហើយបានបង្ខំជនរងគ្រោះប្រាប់លេខសម្ងាត់ក្នុងទូរស័ព្ទបន្ទាប់មកក៏បានផ្ទេរប្រាក់ចេញអស់ចំនួន២,០២៩បាត ទៅក្នុងគណនីរបស់ខ្លួន ហើយគម្រាមបង្ខំឱ្យជនរងគ្រោះដោះសម្លៀកបំពាក់ដើម្បីរួមភេទដោយប្រើហិង្សា ។ ក្រោយមកជនសង្ស័យបានចូលបន្ទប់ទឹក ដោយឱកាសល្អ ជនរងគ្រោះបានស្ទុះរត់ចេញក្រៅបន្ទប់ទាំងអាក្រាតកាយ មកដល់ក្រៅបន្ទប់មុខកាំជណ្តើរ ជនសង្ស័យ បានរត់មកចាប់អូសជនរងគ្រោះចូលបន្ទប់វិញ ស្របពេលនោះបានអ្នកជិតខាង (ជាជនជាតិថៃ) បានមកជួយជនរងគ្រោះ ហើយបានយកសម្លៀកបំពាក់ឱ្យជនរងគ្រោះ និងបាននាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃចំនួន០២ថ្ងៃ ទើបត្រឡប់មកវិញហើយក៏ដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានបញ្ជាក់ថា៖ ក្រោយឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចដែលជនរងគ្រោះបានចោទប្រកាន់ពិតប្រាកដមែន ។ ដោយផ្អែកលើចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ វណ្ណា