ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថ​ខេត្ត បញ្ជូនជនជាតិថៃម្នាក់​ ទៅសាលាដំបូងខេត្តចាត់ការ ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យជាជនជាតិថៃម្នាក់ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងអំពើលួចទៅសាលាដំបូងខេត្ត​ហើយ នៅថ្ងៃ​ទី១០​ ខែកញ្ញា​​​​​ ឆ្នាំ​២០២៣ ដើម្បីចាត់ការតាមនីតិវិធី ។

 សមត្ថកិច្ចប្រាប់ថាៈ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ​។ 

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ     វរ៉ាឆេត សាប់ប៉ាសាន​(WORACHETSAPPRA SAN) ហៅណាត់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។កាលពីថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ​២០២៣​ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួនពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងអំពើលួច ប្រព្រឹត្តកាលពីវេលាម៉ោង០២ទាបភ្លឺឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលម្តុំវត្តត្រាច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ ក្នុងករណីឃាត់ខ្លួននេះដោយយោងតាមពាក្យបណ្តឹងឈ្មោះ អាំងថុង ភីយ៉ាផន(AMTHUNG PIYAPORN) ហៅមេ​ ភេទស្រី អាយុ២៥ឆ្នាំ ជាជនជាតិថៃស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត 

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បន្តថា​៖ ជនរងគ្រោះ​ និងជនសង្ស័យ​ (ជាសង្សារធ្លាប់រស់នៅជាមួយគ្នា​ជិត១ឆ្នាំ)​។ នៅថ្ងៃកើតហេតុជនរងគ្រោះ​ និងជនសង្ស័យ​ ពេលចេញពីកន្លែងផឹកស៊ីបានឈ្លោះប្រកែកគ្នាបន្តិចបន្តួច ហើយក៏នាំគ្នាជិះម៉ូតូកង់បី ទៅបន្ទប់ជួលដែលខ្លួនស្នាក់នៅជាមួយគ្នា​ ពេលទៅដល់បន្ទប់ជនរងគ្រោះមិនព្រមចូលទៅក្នុងបន្ទប់ទេ ជនសង្ស័យបានចាប់អូសដៃជនរងគ្រោះ​ចូលក្នុងបន្ទប់​ ហើយបានបង្ខំជនរងគ្រោះប្រាប់លេខសម្ងាត់ក្នុងទូរស័ព្ទបន្ទាប់មកក៏បានផ្ទេរប្រាក់ចេញអស់ចំនួន២,០២៩បាត​ ទៅក្នុងគណនីរបស់ខ្លួន ហើយគម្រាមបង្ខំឱ្យជនរងគ្រោះដោះសម្លៀកបំពាក់ដើម្បីរួមភេទដោយប្រើហិង្សា ។ ក្រោយមកជនសង្ស័យបានចូលបន្ទប់ទឹក ដោយឱកាសល្អ ជនរងគ្រោះបានស្ទុះរត់ចេញក្រៅបន្ទប់ទាំងអាក្រាតកាយ មកដល់ក្រៅបន្ទប់មុខកាំជណ្តើរ ជនសង្ស័យ​ បានរត់មកចាប់អូសជនរងគ្រោះចូលបន្ទប់វិញ ស្របពេលនោះបានអ្នកជិតខាង​ (ជាជនជាតិថៃ)​ បានមកជួយជនរងគ្រោះ​ ហើយបានយកសម្លៀកបំពាក់ឱ្យជនរងគ្រោះ​ និងបាននាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃចំនួន០២ថ្ងៃ ទើបត្រឡប់មកវិញ​ហើយក៏ដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង។ 

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មើសបានបញ្ជាក់ថា៖ ក្រោយឃាត់ខ្លួន​ និងសួរចម្លើយ​ជនសង្ស័យ​ បានសារ​ភាពថា​ ខ្លួនពិតជាបានធ្វើសកម្មភាពដូចដែលជនរងគ្រោះបានចោទប្រកាន់ពិតប្រាកដមែន ។ ដោយផ្អែកលើចម្លើយសារភាព​ ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត​ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធី​ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖