ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត​! មេប៉ុស្ដិ៍ស្រុកស្ទោង ធ្លាប់ប្លន់ទូមាស ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌហើយ ខណៈអធិការស្រុក ត្រូវដកឱ្យបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តបណ្ដោះអាសន្ន

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត​កំពង់ធំ​ បានថ្លែង​ឱ្យ​ដឹង​នៅល្ងាចថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះថា៖ «ក្រោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់យ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកមិញនេះ​ បានបញ្ជាទៅកាន់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗ និងចាត់វិធានការតាមច្បាប់ជាធរមាន មេប៉ុស្ដិ៍បណ្ដេញចេញពីក្របខ័ណ្ឌ និងអធិការ ដកមកបម្រើការងារបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត»។

គួររម្លឹកថា​ នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍ម្នាក់នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្តេចធិបតី បានបញ្ជាក់តាមតេឡេក្រាមបែបនេះ «ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗ រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋនិងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។

ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ»។

ផ្តើមចេញពីករណីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការត្រួតពិនិត្យ និងវាយ​តម្លៃ​ឱ្យ​បានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឱ្យបានហ្មត់ចត់មុននឹងធ្វើ​ការ​តែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោម​ជាតិ។ យោងតាមបណ្តាញព័ត៌មាននានា បានបញ្ជាក់ថា បុរសដែលទើបនឹងតែងតាំងជាមេប៉ុស្តិ៍សំព្រោជនេះ មានឈ្មោះ ហុង សារ៉ុម។

ប្រភពព័ត៌មានបានឱ្យដឹងថា បុរសរូបនេះធ្លាប់មានប្រវត្តិមិន​ល្អ ជាប់ពាក់ព័ន្ធការប្លន់អ្នកលក់​មាស​​ទាំង​កណ្ដាលថ្ងៃ នៅក្នុងផ្សារស្ទោង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ ដោយអស់គ្រឿងអលង្កា​សរុបជាង១៥០តម្លឹង ម៉ូតូមួយគ្រឿង និងលុយកាក់មួយចំនួនធំផងដែរ។

សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ កម្លាំងនគរបាលខេត្តកំពង់ធំ បានស្រាវជ្រាវ និងបំបែកករណីប្លន់ទូមាស នៅផ្សារស្ទោង ស្រុកស្ទោង ហើយកាលនោះចាប់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរប្លន់២នាក់ និងដកហូតបានវត្ថុតាង មានកាំភ្លើង និងម៉ូតូសម្រាប់ជាមធ្យោបាយធ្វើសកម្មភាពប្លន់ចំនួន៣គ្រឿង។ ករណីប្លន់នេះ បានកើតឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥។

ជនសង្ស័យទាំងពីរនាក់ រួមមាន ទី១៖ឈ្មោះ ហុង សារ៉ុម ភេទប្រុស អាយុ៤០ឆ្នាំ និងទី២៖ឈ្មោះ មាន រ៉េន ភេទប្រុស អាយុ៤៧ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិជុំទី២ ឃុំត្នោតជុំ ស្រុកបារាយណ៍។ ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានស្រាវជ្រាវដកហូតបានម៉ូតូ៣គ្រឿង ក្នុងនោះមានម៉ូតូ របស់ឈ្មោះ អ៊ិន ស៊ីផាន ភេទស្រី ដែលក្រុមចោរលួចយកទៅក្នុងពេលប្លន់ និងម៉ូតូ២គ្រឿងទៀត ជាម៉ូតូធ្វើសកម្មភាពប្លន់ខាងលើ។ 

ពាក់ព័ន្ធក្នុងករណីនេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” យ៉ាងដូច្នេះថា, ចំពោះករណីដែលសម្ដេចធិបតី បានបញ្ជាឲ្យពិនិត្យមើលនេះ ខ្ញុំបានធ្វើកិច្ចការនេះហើយ គឺត្រូវដកចោល មិនអនុញ្ញាត ឱ្យមានបុគ្គលដែលធ្លាប់ប្រព្រឹត្តបទល្មើស ធ្វើការទេ ។

នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិបានបន្តថា, ខាងស្នងការ គាត់មិនដឹងដែរ ឃើញគេស្នើរមក មិនចាប់អារម្មណ៍ ឬដឹងថា ធ្លាប់ប្រព្រឹត្តបទល្មើស ! ដូច្នេះករណីនេះ ខ្ញុំមិនទុកទេ ត្រូវដកចេញតែម្តង ។

សូមបញ្ជាក់ថា​ កន្លងទៅថ្មីៗនេះ ! មុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបច្ចុប្បន្ន មិនទាន់ ឡើងកាន់តំណែងនាយករដ្ឋមន្ត្រី ក៏មានករណី ការតែងតាំង ស្នងការរងនគរបាលខេត្តកំពតមួយរូប ដែលមានប្រវត្តិលួចអាយផេត ពីអាជីវករកន្លែងវេប្រាក់វីង , រហូតដល់ទៅមានការបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងជាចម្រៀងក្នុងន័យស្ថាបនាកែលម្អថា “ចោរហើយថាមិនមែនចោលទៀត”។ facebook ខ្លះបានបង្ហោះថា ( ប្លែកៗ ! ខណៈអតីតជាមន្ត្រី​នគរបាល​ពាក់ស័ក្តិ៣ ដែល​មាន​ប្រវត្តិ​លួច​ «អាផេត» កន្លែងវេប្រាក់Wing ៤ឆ្នាំមុន ក្លាយ​ជាស្នងការ​រង​ខេត្ត​ កំពត​ !

ទោះជាមានប្រព័ន្ធផ្សព្វផ្សាយ ការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ព្រោងព្រាតជុំវិញអតីតចោរឡើងធ្វើស្នងការរងខេត្តកំពត ផ្អើលសឹងពេញផ្ទៃប្រទេសទៅហើយ ប៉ុន្តែថ្នាក់ដឹកនាំ ហាក់ដូចមិនទាន់ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ក្នុងករណីនេះនៅឡើយ មកដល់បច្ចុប្បន្នថ្ងៃនេះ ។ ដូច្នេះចាំមើល ! ក្រសួងមហាផ្ទៃ ឬអគ្គស្នងការនគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្ត ស៊ើបអង្កេត ស្រាវជ្រាវ ឬមានវិធានការបែបណា?។ ខណៈ​មុននេះបន្តិច​ លោកមេប៉ុស្ដិ៍ស្រុកស្ទោង ដែលធ្លាប់ប្លន់ទូមាស ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌហើយ៕

ដោយ​៖សហការី​


ចែករំលែក៖