សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានសាទរដល់ទំនាក់ទំនងជិតស្និទ្ធជាមួយវៀតណាម ខណៈដែលប្រទេស ទាំង២បានចុះកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យសឺមីកុងឌុចទ័រ។
ការលើកកម្ពស់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយទីក្រុងហាណូយ គឺផែ្នកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបង្កើតបណ្ដាញ សម្ព័ន្ធមិត្តអាស៊ីនិងប៉ាស៊ីហ្វិក ចំពោះមុខការកើនឡើងឥទ្ធិពលចិន។ ភាពជាដៃគូថ្មីរវាងសហរដ្ឋអាមេរិកនឹងវៀតណាម ក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងមួយស្ដីពីសឺមីកុងឌុចទ័រ ដែលក្នុងនោះសហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តជួយវៀតណាមអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងពង្រីកការផលិត។ មិនតែប៉ុណ្ណោះ ក៏មានផងដែរនូវកិច្ចព្រមព្រៀងស្ដីពីធនធានរ៉ែកម្រ ដែលសម្រាប់ប្រើប្រាស់ក្នុងការផលិតឧបករណ៍ទំនើបៗដូចជាស្មាតហ្វូន និងរថយន្ដអគ្គិសនីជាដើម។
លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបជាមួយមេដឹកនាំវៀតណាមថា ភាពជាដៃគូជាមួយវៀតណាមគឺជាផ្នែកមួយនៃការជំរុញមួយនៃរដ្ឋបាលរបស់លោក ដើម្បីបង្ហាញដល់ប្រទេសជាដៃគូក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិងពិភពលោកថា សហរដ្ឋអាមេរិកក៏ជាប្រជាជាតិប៉ាស៊ីហ្វិកមួយដែរ ហើយសហរដ្ឋអាមេរិកក៏នឹងមិនចាកចេញទៅទីកន្លែងណាផ្សេងនោះដែរ។
តាមរយៈការចុះកិច្ចព្រមព្រៀងខាងលើដែលសម្រេចឡើងអំឡុងដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន នៅទីក្រុងហាណូយបានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសមួយដែលមានឋានៈខ្ពស់នៅក្នុងទំនាក់ទំនងការទូតរបស់វៀតណាម រួមជាមួយប្រទេសផ្សេងទៀតដូចជាចិន រុស្ស៉ី ឥណ្ឌា និងកូរ៉េខាងត្បូង៕ ដោយ៖ ធីរីណា
រូបថត៖ VT