ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យ ស្តីពីការបញ្ចប់តំណែងលោក មាស សាវឿន ពីអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌

ចែករំលែក៖

ភ្នំពេញ​៖​ យោង​តាម​ព្រះរាជក្រឹត្យរបស់​សម្ដេច​វិបុល​សេនា​ភក្ដី​ សាយ​ ឈុំ​ ប្រមុខ​រដ្ឋ​ស្ដីទី​ ដែល​ទើប​ទទួល​បាន​នៅរសៀល​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានចេញព្រះរាជក្រឹត្យ ស្តីពីការបញ្ចប់តំណែងលោក មាស សាវឿន ពីអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌។ 

គួររម្លឹកថា​ ​លោក មាស សាវឿន អតីត​អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បាន​ត្រូវ​តុលាការ ចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន ជា​បន្តបន្ទាប់ នៅ​ចុងខែ​មករា និង​ដើមខែ​កុម្ភៈ ឆ្នាំ​២០២១កន្លងទៅ​ ដើម្បី​សាកសួរ​ពី​ដំណើររឿង​ឆបោក ពាក់ព័ន្ធ​ការទិញ​លក់​ដី ទំហំ ២ ហិកតា នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ការចេញ​ដីកា​បង្គាប់​នេះ បានកើត​ឡើង ក្រោយ​ពេលដែល​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ បានសម្រេច​ចោទប្រកាន់ លោក មាស សាវឿន ពីបទ «​ឆបោក​» ពាក់ព័ន្ធ​ការទិញ​លក់​ដី ទំហំ ២ ហិកតា នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

​យោងតាម​ដីកា​សន្និដ្ឋាន បញ្ជូន​ឱ្យស៊ើបសួរ ខែមករា ឆ្នាំ​២០២១កន្លង​ទៅ​នេះ គឺ​ជន​ត្រូវ​ចោទ​ឈ្មោះ មាស សាវឿន ត្រូវ​ដាក់ឱ្យស្ថិតក្រោម ការចោទប្រកាន់​ពីបទ ឆបោក ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៦ តាម​មាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ។​ 

សូមជម្រាបជូនថា​ លោក មាស សាវឿន ក៏ធ្លាប់ជា​អតីត អភិបាលរង​ខេត្តព្រះវិហារផង​ដែរ។ ប៉ុន្តែ​ជុំវិញ​នឹងការបញ្ចប់តំណែងលោក មាស សាវឿន ពីអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌​ អង្គភាព​កាសែតនគរវត្ត​ និង​គេហទំព័រ​នគរដ្រេហ្គន​ មិនដឹងថា​ជាមូលហេតុអ្វីនោះទេ៕

ដោយ​៖​សហការី​


ចែករំលែក៖