ភ្នំពេញ៖ នាយរងការិយាល័យនគរបាលភស្តុភារ អង្គភាពអន្តរាគមន៍ព្រែកឯងម្នាក់ ដែលជាជនដៃដល់បើករថយន្តបុកស្រ្តីម្នាក់ បណ្ដាលឱ្យធ្លាក់ពីលើម៉ូតូ រួចបន្ដបើកកិនស្លាប់នៅខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាលជំនាញខណ្ឌច្បារអំពៅ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធីតាមច្បាប់។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ជនបង្កបានធ្វេីសកម្មភាពបើករថយន្តបុកស្រ្តីរងគ្រោះឈ្មោះ ព្រុំ អ៊ាង អាយុ៦៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ធ្លាក់ពីលើម៉ូតូ រួចបន្តបើកកិនសម្លាប់នៅមុខវត្តឫស្សីស្រស់ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញាថ្មីៗនេះ។
ជនសង្ស័យឈ្មោះ សូត្រ សិទ្ធី អាយុ៥៣ឆ្នាំ តួនាទីនាយរងការិយាល័យនគរបាលភស្តុភារ អង្គភាពអន្តរាគមន៍ព្រែកឯង ស្នាក់នៅផ្ទះលេខ15F8 ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ និងកូនស្រីជិះម៉ូតូទៅផ្សារទិញអីវ៉ាន់។ ពេលនោះជនសង្ស័យក៏បានបើករថយន្តម៉ាក Toyota Highlander ពណ៌សផ្លាកលេខ ភ្នំពេញ 2AB-4983 តាមពីក្រោយ។
ពេលជនរងគ្រោះឃើញរថយន្ត ក៏ប្រាប់ឲ្យកូនស្រីជិះអែបគៀន ដើម្បីឲ្យរថយន្តបើកទៅមុន តែជនសង្ស័យមិនបើកវ៉ាទៅមុខទេ។ ជនរងគ្រោះក៏ជិះម៉ូតូបន្តទៅមុខទៀត មកដល់ចំណុចកើតហេតុ ជនសង្ស័យក៏បើករថយន្ត មកបុកជនរងគ្រោះឲ្យធ្លាក់ពីលើម៉ូតូលើចិញ្ចើមផ្លូវ រួចបើករថយន្តកិនជនរងគ្រោះចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
ក្រោយបើកកិនជនរងគ្រោះ ជនសង្ស័យបើករថយន្តគេចខ្លួនមកទុកចោលនៅមុខដីឡូត៍គ្មានលេខ ជាប់របងវិទ្យាល័យច្បារអំពៅ ដោះផ្លាកលេខរថយន្តលាក់គុម្ភស្មៅក្បែរនោះ រួចដើរឡើងមកផ្លូវជាតិលេខ១ ជិះម៉ូតូឡាំប្រឺតា (ផាស់អាប់) គេចខ្លួន។
បន្ទាប់មកសមត្ថកិច្ច ស្រាវជ្រាវ ឆែកកាម៉េរ៉ា និងធ្វើកោសល្យវិច្ឆ័យយកខ្ចៅដៃក្នុងរថយន្ត និងខ្ចៅដៃជនសង្ស័យ គឺជាមនុស្សតែមួយ។ លុះដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅសាកសួរ។ បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងរថយន្តបង្ក បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សហការី