ខេត្តពោធិ៍សាត់(ព័ត៌មានបឋម)៖សមត្ថកិច្ចស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែងលេីមុខសញ្ញាស្ត្រីជនដៃដល់ដែលបានប្រព្រឹត្តអំពេីឃាតកម្មទៅលេីស្ត្រីជនរងគ្រោះជាគ្រូទាយប្លន់យកគ្រឿងអលង្ការកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ខែកក្តដាឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់ហេងពេជ្រ ដែលមានទីតាំងនៅផ្លូវលេខ៨៤ កែងផ្លូវព្រះមុនីវង្សស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាពេលកន្លងទៅ ។
ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ រួមនឹងកម្លាំងការិយាល័យកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលយុត្តិធម៌ លោកវរសេយីន៍ឯក អេង សោភា ប្រធានការិយាល័យកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក ទៀង ចន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះអនុវត្តលេីដីកាបញ្ជាឱ្យចូលខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញលេខ ៤៥៩អយក ចុះថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៣ របស់លោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ ឃាត់ខ្លួនជនសង្ស័យឈ្មោះ នួន ខេង ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិជ្រៃត្នោត ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីវេលាម៉ោងម៉ោង៤និង១៥នាទីរសៀល នៅចំណុច ភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅចំណុចសួនច្បារ។
បច្ចុប្បន្ន កម្លាំងជំនាញបាននាំខ្លួនស្ត្រីជាជនដៃដល់ខាងលេីនេះ មកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីសាកសួរនិងចាត់តាមនីតិវិធីច្បាប់៕
ដោយ៖ ជ្រោយពេជ្រ