ព័ត៌មានទាន់ហេតុការណ៍៖

សមយុទ្ធ ទេវតាសន្ដិភាព ឆ្នាំ២០២៣រវាងកងយោធពលខេមរៈភូមិន្ទនិងកងទ័ពរំដោះប្រជាជនចិនចាប់ផ្ដើមនៅថ្ងៃនេះដែលមានរយៈពេល១៣ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោកបានបើក ពិធីសមយុទ្ធ ទេវតាសន្ដិភាព ឆ្នាំ ២០២៣ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន ក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ។ 

តាមរបាយការណ៍បើកសមយុទ្ធសុខាភិបាលយោធារួមគ្នា “ទេវតាសន្តិភាព-ឆ្នាំ២០២៣” របស់ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយលេខាធិការដា្ឋនសេនាធិការចម្រុះ និងជាប្រធាន ក្រុមការងារចាត់ចែងទូទៅ និងដឹកនាំសមយុទ្ធ បានឲដឹងថា ដោយបានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រសួងការពារជាតិ អគ្គបញ្ជាការ គណៈកម្មការដឹកនាំសមយុទ្ធ ទេវតាសន្តិភាព- ឆ្នាំ២០២៣ បានធ្វើការប្រុងប្រៀប និងដំណើរការសមយុទ្ធក្នុងគោលបំណងផ្លាស់ប្តូរ បទពិសោធន៍ក្នុងកិច្ចប្រតិបត្តិការទៅវិញទៅមក លើកិច្ចការមនុស្សធម៌ ការសង្គ្រោះ គ្រោះមហន្តរាយ ការផ្លាស់ប្តូរបទពិសោធន៍លើវិស័យសុខាភិបាល តាមច្បាប់អន្តរជាតិ និងមិនមានការគំរាមកំហែងដល់ប្រទេសណាមួយឡើយ។

ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា បានបញ្ជាក់ថា សមយុទ្ធ “ទេវតាសន្តិភាព-ឆ្នាំ២០២៣ នេះ បានរៀបចំក្រោម ប្រធានបទ “ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់ គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ នៃកងទ័ពទាំងពីរកម្ពុជា-ចិន»ពេលវេលា រួមចំនួន ១៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ កន្លែងស្នាក់ នៅ ពិធីបើក ពិធីបិទ លំហាត់ទីបញ្ជាការ និងលំហាត់ទីលាន ស្ថិតនៅបញ្ជការដ្ឋាន ទ័ពពិសេស កងទ័ពជើងគោក ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មូលដ្ឋានទ័ពជើងអាកាស អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ទីរពេទ្យព្រះ កេតុមាលា និងនៅខេត្តសៀមរាប មន្ទីរពេទ្យយោធភូមិភាគទី៤។ 

ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយលេខាធិការដា្ឋនសេនាធិការចម្រុះ បានបន្តថា ភាគីចិនមានចំនួនសរុប១២៦នាក់ ក្នុងនោះក្រុមដឹកនាំសមយុទ្ធចំនួន ២០នាក់ ក្រុមអាកាសយានិកចំនួន ១០នាក់ កម្លាំងសុខាភិបាលចំនួន ៩៥នាក់។ ភាគីកម្ពុជាមានចំនួនសរុប ៥៩៥នាក់ ក្នុងនោះក្រុមដឹកនាំសម យុទ្ធ២៤នាក់ កម្លាំងធ្វើសមយុទ្ធ ២៣៧នាក់ កម្លាំងបម្រើការចំនួន ៣៣៤នាក់។ 

ចំពោះការប្រើប្រាស់គ្រឿងបំពាក់របស់ភាគីទាំងពីរ៖

ភាគីចិនប្រើប្រាស់យន្តហោះសង្គ្រោះសុខាភិបាល ប្រភេទ Y-9 ចំនួន ០១គ្រឿង រថយន្តសុខាភិបាល ចំនួន ០៣គ្រឿង (រថយន្ត សង្គ្រោះបន្ទាន់លទ្ធភាពចល័តខ្ពស់ ចំនួន០១គ្រឿង រថយន្តបង្ការ ជំងឺឆ្លងលទ្ធភាពចល័តខ្ពស់ ចំនួន០១គ្រឿង រថយន្តសង្គ្រោះ សម្ពាធទាបចំនួន ០១គ្រឿង) បរិក្ខារសង្គ្រោះនិងសម្ភារធានាគ្រប់ ប្រភេទប្រមាណ១០០០ឈុត និងប្រើប្រាស់យន្តហោះដឹកជញ្ជួន ប្រភេទ Y-20A ចំនួន ០៦គ្រឿង សម្រាប់ដឹកជញ្ជូនកម្លាំងទ័ព និង សម្ភារដែលបានរៀបរាប់ខាងលើ។

ភាគីកម្ពុជាប្រើប្រាស់ឧទ្ធម្ភាគចក្រប្រភេទ Mi-17 ចំនួន ០២គ្រឿង ឧទ្ធម្ភាគចក្រ ប្រភេទ Z-9 ចំនួន ០២គ្រឿង រថយន្តសង្គ្រោះចំនួន ០៦គ្រឿង ព្រមទាំងបរិក្ខាររសុខាភិបាល និងសង្គ្រោះមួយចំនួនទៀត។

សមយុទ្ធនេះមានរយៈពេល ១៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានទ័ពពិសេស របស់កងទ័ពជើងគោក៕

ដោយ៖ សូរិយា


ចែករំលែក៖