ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹងស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្ម និងការទប់ស្កាត់ ការផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ

ចែករំលែក៖

ភ្នំពេញ​៖​ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មឱ្យបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រប់មធ្យោបាយ និងហាមឃាត់រាល់ការផលិតមាតិការតាមបណ្តាញសង្គមដែលទាក់ទងការជំរុញឱ្យពលរដ្ឋប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ។

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា​ បានបញ្ជាក់ថា​ ​នៅក្នុង​សេចក្តីជូនដំណឹងស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្ម និងការទប់ស្កាត់ ការផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ។ 

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានពិនិត្យឃើញថា នាពេលថ្មីៗនេះ មានសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្ម ដោយពុំមានការ អនុញ្ញាតពី គ.ល.ក. និងមានសកម្មភាពផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ដោយ មានការចូលរួមពីសាធារណជន និងបុគ្គលដែលមានប្រជាប្រិយភាព (Influencers) ក្នុងការផ្សព្វផ្សាយ ផលិតវីដេអូខ្លីៗ និងបង្កើតមាតិកាកម្សាន្តតាមបណ្តាញទំនាក់ទំនងសង្គមនិងប្រព័ន្ធផ្សព្វផ្សាយនានា ដែលមានខ្លឹមសារអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែង ដែលផ្ទុយពីច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងបង្កឱ្យមានជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។

ដើម្បីពង្រឹងការអនុវត្តច្បាប់ និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមធ្វើការណែនាំ ដូចខាងក្រោម៖ 

១,ប្រតិបត្តិករល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ និងគ្រប់មធ្យោបាយរហូតដល់មានការជូនដំណឹងជាថ្មី។ 

២,អ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្តតាមបណ្តាញទំនាក់ទំនងសង្គម និងបុគ្គលពាក់ព័ន្ធផ្សេងទៀត ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការផលិត ការផ្សព្វផ្សាយ ឬការចែកចាយវីដេអូនិង/ឬ មាតិកាកម្សាន្តដែលមានខ្លឹមសារផ្សព្វផ្សាយអំពីល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។ 

៣,រាល់សកម្មភាពពាក់ព័ន្ធនឹងការចូលរួមផ្សព្វផ្សាយ ឬចែកចាយវីដេអូដែលមានខ្លឹមសារផ្សព្វផ្សាយអំពីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់រូបភាព ជាសកម្មភាពខុសច្បាប់។ ក្នុងករណីដែលប្រតិបត្តិករល្បែងពាណិជ្ជកម្ម និងបុគ្គលពាក់ព័ន្ធទាំងអស់មិនអនុវត្តតាមសេចក្តី- ជូនដំណឹងនេះ អគ្គលេខាធិការដ្ឋាននៃ គលកនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងស្របតាមច្បាប់ និងលិខិត- បទដ្ឋានគតិយុត្តជាធរមាន។

អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សង្ឃឹមយ៉ាងមុតមាំថា ប្រតិបត្តិករល្បែងពាណិជ្ជកម្ម និងបុគ្គល ពាក់ព័ន្ធទាំងអស់ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព និងស្មារតី ទទួលខុសត្រូវខ្ពស់៕

 

ដោយ​៖ សហការី​


ចែករំលែក៖