ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើកំណែទម្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងឈានឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ជាក់ស្តែងដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិនថ្មីៗនេះ គឺដើម្បីទាក់ទាញវិនិយោគិនចិនឲ្យមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា និងក៏ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-ចិន ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
តើដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទទួលបានលទ្ធផលអ្វីខ្លះ?
ទី១-ក្នុងរយៈពេលទស្សនកិច្ច ៤ថ្ងៃ នៅសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាដំណើរបំពេញទស្សនកិច្ចដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូលចិនរួមមាន លោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស, លោក ស៊ី ជិនពីង ប្រធានាធិបតី និងលោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងមានជំនួបជាមួយក្រុមហ៊ុនខ្នាតយក្សរបស់ចិនជាច្រើនដែលកំពុងវិនិយោគ និងមានសកម្មភាពនៅកម្ពុជា ដូចជា ក្រុមហ៊ុន Huawei Technology Co.ltd ក្រុមហ៊ុន SINOMACH Heavy Equipment Gropក្រុមហ៊ុន China Road and Bridge (CRBC) និងក្រុមហ៊ុន China Huaneng Croup។ នៅក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចអំពីគោលនយោបាយពាក់ព័ន្ធការវិនិយោគនៅកម្ពុជា ហើយក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនបន្តវិនិយោគនៅកម្ពុជា ព្រមទាំងបានស្នើឲ្យជួយបណ្តុះបណ្តាលផ្នែកអគ្គសិនី និងបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រីកសមត្ថភាពរបស់កូនខ្មែរលើជំនាញអគ្គិសនី និងបច្ចេកវិទ្យាឌីជីថល។
ដោយឡែកក្នុងជំនួបជាមួយក្រុមហ៊ុន Huawei សម្តេចធិបតីនាយករដ្ឋមន្ត្រី ចង់ឃើញក្រុមហ៊ុនមួយវិនិយោគលើការផលិតសម្ភារៈគ្រឿងបង្គំអេឡិចត្រូនិកនៅកម្ពុជាផងដែរ។ ក្រុមហ៊ុនយក្សរបស់ចិនទាំងនេះ បានប្តេជ្ញាថា នឹងបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសកម្ពុជា។
ទី២-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏បានចូលរួមក្នុងពិធីបើកពិព័រណ៌ចិន-អាស៊ាន និងកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣(RCEP) នៅទីក្រុងណានីង តំបន់ស្វយ័តក្វាងស៊ី។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតជួបថ្នាក់ដឹកនាំកំពូលនៃតំបន់ស្វយ័តក្វាងស៊ី។ សម្តេចធិបតី និងសមភាគីចិន បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់, ខិតខំបន្ថែមទៀតក្នុងការជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍, បង្កើនជើងហោះហើរត្រង់ ព្រមទាំងពិនិត្យលទ្ធភាពពន្លឿនដំណើរការរៀបចំនីតិវិធីចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ដែលផ្តោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល និងកសិកម្មវៃឆ្លាត។
ទី៣-តាមរយៈជំនួបខាងលើនេះ កម្ពុជាមានឱកាសទទួលបាននូវអត្ថប្រយោជន៍ពីវិនិយោគិនចិន ដើម្បីពង្រីកការងារដល់ប្រជាពលរដ្ឋនៅក្នុងស្រុក និងការទទួលបាននូវកំណើនជីវភាពរស់នៅកាន់តែសមរម្យ។ ទន្ទឹមគ្នានេះ កម្ពុជា-ចិន បានប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពយូរអង្វែងដែលជាមរតកនៃថ្នាក់ដឹកនាំជំនាន់មុនដែលបច្ចុប្បន្នបានក្លាយជាមិត្តភាពដែកថែប។ កម្ពុជា-ចិន បានឯកភាពគ្នាបន្តធ្វើឲ្យកាន់តែស៊ីជម្រៅ គឺការបន្ស៊ីចូលគ្នានូវយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា និងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិនផ្តោតអាទិភាពទៅលើវិស័យកសិកម្ម, ថាមពល និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។
ទី៤-កម្ពុជា តាមរយៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីជូនថ្នាក់ដឹកនាំចិន ពីជំហរបស់កម្ពុជាដែលនៅតែបន្តប្រកាន់ភ្ជាប់គោលនយោបាយចិនតែមួយ។ កម្ពុជា-ចិន បានចុះហត្ថលេខាលើឯកសារចំនួន១៥ ក្នុងនោះក៏មានឯកសារស្តីពីផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ និងកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់សាងសង់ស្ពានទន្លេបាសាក់ ចំណុចចាក់អង្រែក្រោម និងព្រែកប្រា។
ក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ចិន បានកើនឡើង ១,៨ភាគរយ ពោលគឺមានទំហំដល់ប្រមាណ ៧ពាន់លានដុល្លារ។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិដ៏ធំបំផុតរបស់កម្ពុជាដែលបានបោះទុនរហូតដល់ ២៥,៦ភាគរយ នៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ស្មើនឹងទឹកប្រាក់សរុប ២៧ពាន់លានដុល្លារ នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ។
ជារួមដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា រយៈពេល ៤ថ្ងៃ នៅសាធារណៈរដ្ឋប្រជាមានិតចិន គឺពិតជាបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនជូនដល់ជាតិ និងប្រជាជនកម្ពុជា ទាំងផ្នែកទំនាក់ទំនងការទូត កិច្ចសហប្របត្តិការទ្វេភាគី សេដ្ឋកិច្ច វិនិយោគ និងការជំរុញវិស័យទេសចរណ៍ជាដើម។ ការជ្រើសរើសយកសាធារណរដ្ឋប្រជាមានិតចិន ធ្វើទស្សនកិច្ចជាលើកដំបូង បាននាំមកនូវអត្ថន័យ ៣យ៉ាង៖
ទី១-បញ្ជាក់អំពីគោលនយោបាយច្បាស់លាស់ឥតងាករេរបស់កម្ពុជា(ចិនតែមួយ)។ ទី២-កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនិងសេដ្ឋកិច្ច និងទី៣-មិត្តភាពយូរអង្វែងរវាង កម្ពុជា-ចិន ដែលជានិមិត្តរូបមួយជំរុញឱ្យមេដឹកនាំកំពូលថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា សម្រេចចិត្តទៅបំពេញទស្សនកិច្ចនៅប្រទេសចិនមុនគេ ក្នុងនាមរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា៕
ដោយៈ សុខ សុវណ្ណ