ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវបេតុងមួយខ្សែកំពុងរងការខូចខាតដោយរថយន្តដឹកខ្សាច់បើកឆ្លងកាត់

ចែករំលែក៖

   ខេត្តបន្ទាយមានជ័យ៖ ផ្លូវបេតុងមួយខ្សែដែលឋិតនៅក្នុងភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតនិងក្រុងប៉ោយប៉ែតកំពុងរងការខូចខាតជាបណ្ដើរៗដោយសាររថយន្តដឹកខ្សាច់ប្រភេទភ្លៅ៤និងភ្លៅ៥ដឹកលើសទម្ងន់បើកឆ្លងកាត់រាប់សិបគ្រឿងក្នុងមួយថ្ងៃៗ ដោយគ្មានការទប់ស្កាត់ពីសំណាក់មន្រ្តីជំនាញពាក់ព័ន្ធឬអាជ្ញាធរឡើយ។

ពលរដ្ឋប្រាប់ថាៈ ផ្លូវខាងលើនេះមិនមែនតែរថយន្តដឹកខ្សាច់ដែលបើកឆ្លងកាត់នោះទេគឺមានទាំងរថយន្តដឹកបេតុងលាយស្រេចធុនធ្ងន់និងរថយន្តដឹកដី ដែលបើកបរក្នុងរដូវវស្សា ជាហេតុធ្វើឱ្យផ្លូវមួយខ្សែនេះរងការខូខាតប្រេះស្រាំស្ទើរគ្រប់កន្លែង។

   ពួកគាត់បន្តថាៈផ្លូវក្នុងក្រុងប៉ោយប៉ែតក៏ដូចជាផ្លូវដែលកំពុងរងការខូចខាតដោយសារថយន្តដឹកខ្សាច់លើសទម្ងន់នោះជាថវិការបស់ពលរដ្ឋរស់នៅសងខាងផ្លូវ100%។ មិនតែប៉ុណ្ណោះនៅពេលរងការខូចខាតនិងជួសជុលឡើងវិញរួមទាំងប្រព័ន្ធលូក៏ត្រូវពលរដ្ឋនៅផ្ទះដែលរងការខូចខាតនោះជាអ្នកជួសជុសឡើងវិញផងដែរ។ម្យ៉ាងទៀតនៅពេលពួកគាត់មានការចូលរួមអភិវឌ្ឍន៍បានហើយគួរមានការទប់ស្កាត់កុំឱ្យរថយន្តដឹកលើសទម្ងន់បើកឆ្លងកាត់។ មិនតែប៉ុណ្ណោះការជួសជុលផ្លូវដែលរងការខូចខាតមិនត្រូវយកប្រាក់ពីពលរដ្ឋនោះទេ គឺត្រូវយកកញ្ចប់ថវិការបស់រាជរដ្ឋាភិបាលមកអភិវឌ្ឍន៍២០០លានរៀលក្នុងមួយឆ្នាំ បែរជាមិនឃើញយកមកជួសជុលទេគឺបែរជាមករៃអង្គាសប្រាក់ពួកគាត់យកទៅ

ជួសជុលផ្លូវនិងសាងសង់ផ្លូវនិងប្រព័ន្ធលូទៅវិញ។

    ពលរដ្ឋបញ្ជាក់ថាៈ មិនគួរណាមានការបណ្ដោយឱ្យរថយន្តដឹកលើសទម្ងន់បើកបរគ្មានការទប់ស្កាត់នៅរដូវវស្សានោះឡើយ។

   ពួកគាត់ថា បើមិនមានការទប់ស្កាត់នូវការដឹកជញ្ជូនលើសទម្ងន់ក្នុងរដូវវស្សាឱ្យបាននោះទេគីផ្លូវផ្សេងៗទៀតនៅក្នុងក្រុងប៉ោយប៉ែតក៏រងការខូចខាតដូចផ្លូវក្នុងភូមិខាងលើដែរ។

    ចំពោះបញ្ហាផ្លូវខាងលើនេះនៅពេលយើងធ្វើការសាកសួរ លោកចៅសង្កាត់ប៉ោយប៉ែត ភោគ លន នៅរសៀលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៣នេះមានប្រសាសន៍ថាលោកកំពុងជាប់រវល់ប្រជុំ៕

ដោយ៖ វណ្ណា


ចែករំលែក៖