ភ្នំពេញ៖ ដោយអនុវត្តន៍និងទទួលបាននូវបទបញ្ជាណែនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានកោះប្រជុំជួរមន្ត្រីនគរបាលចរាចរណ៍ខណ្ឌដើម្បីធ្វើការណែនាំផ្សព្វ ផ្សាយអនុក្រឹត្យលេខ៣៩។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ខណ្ឌត្រូវគោរពវិន័យកងកម្លាំងឱ្យបានខ្ជាប់ខ្ជួន មានក្រម សិលធម៏ គុណធម៌ មិនត្រូវពួនលាក់ខ្លួនក្រោមដើមឈើ ឬកន្លែងផ្សេងៗទៀតជាដាច់ខាត។ ត្រូវឈរគោរពប្រជាពលរដ្ឋ អ្នកបើកបរ បើក្នុងករណីខ្វះចន្លោះប្រហោងចំណុចណាត្រូវតែណែនាំប្រកបដោយសម្តីទន់ភ្លន់ តែម៉ឺងម៉ាត់។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា ក៏បានដាក់បទបញ្ជាថា រាល់ពេលចុះអនុវត្តច្បាប់ចរាចរណ៍នៅតាមបណ្តាគោលដៅត្រូវប្រជុំជួរជាមុនសិន៕
ដោយ ៖ ភារ៉ា ដង្កោ