ភ្នំពេញ ៖ បើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសបានបញ្ជាក់ថា : អាចមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០២៣។
ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ; បន្ទាប់ពីបានធ្វើការសង្កេត តាមដានលើស្ថានភាពធាតុអាកាសរួចមក ឃើញថា ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានប្រព័ន្ធសម្ពាធទាបមួយបានកើតឡើង អូសកាត់លើព្រះរាជាណាចក្រកម្ពុជា។
យោងតាមការព្យាករ សម្ពាធសកម្មមួយ (ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង) នៃប្រព័ន្ធសម្ពាធទាបខាងលើ នឹង រំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា-ឡាវ រួចបន្តដំណើរពីកើតមកលិច ស្របជួរភ្នំដងរែក។ ដំណើរនៃសម្ពាធទាប សកម្មដូចបានជម្រាបជូនខាងលើ នឹងបង្កឱ្យ៖
១- តំបន់ខ្ពង់រាបភាគឦសាន ខ្ពង់រាបភាគខាងជើង និងតំបន់ទំនាបកណ្តាលភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០២៣។
២- តំបន់មាត់សមុទ្រ ៖ ចាប់ពីថ្ងៃទី២៧-៣០ ខែកញ្ញា ឆ្នាំ២០២៣ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំ ជាមួយខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ដូចបានជម្រាបជូនខាងលើ ព្រមទាំងបងប្អូនប្រជានេសាទសមុទ្រនិងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
ដោយ ៖ សិលា