ការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Ajax ជាមួយគូប្រជែង Feyenoord កាលពីថ្ងៃអាទិត្យត្រូវបានលុបចោលនៅនាទីទី៥៦បន្ទាប់ពីអ្នកគាំទ្រក្រុមម្ចាស់ផ្ទះបានគប់ភ្លើង និងកាំជ្រួចទៅលើទីលានប្រកួត។
ក្រុមFeyenoord បាននាំមុខ ៣-០ នៅកីឡដ្ឋាន Johan Cruyff Arena នៅពេលដែលការប្រកួតត្រូវបានផ្អាក ដោយត្រូវបានផ្អាក២ដងរួចហើយ។
ក្នុងពេលសម្រាកគេឃើញមានកែវប្លាស្ទិចមួយត្រូវបានបោះទៅលើទីលាននៅពេលដែលក្រុមភ្ញៀវនាំមុខ ២-០ ហើយពេលក្រុមភ្ញៀវរកបាន១គ្រាប់ទៀត អ្នកគាំទ្រក៏មានការបាញ់កាំជ្រួចចូលក្នុងទីលានពេលដែលដឹងថាលទ្ធផល ៣-០។ សេចក្តីថ្លែងការណ៍របស់ក្លិបបានឲ្យដឹងថា “អាកប្បកិរិយាប្រភេទនេះមិនមែនជាផ្នែករបស់ Ajax ទេ”។បញ្ហាបានបន្តបន្ទាប់ពីការប្រកួតដែលគេស្គាល់ថា De Klassieker ត្រូវបានប៉ូលិសឃាត់ខ្លួនដោយប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបញ្ឈប់អ្នកគាំទ្រដែលមានកុប្បកម្មនៅខាងក្រៅកីឡដ្ឋាន។
ប៉ូលិសទីក្រុង Amsterdam បាននិយាយថា អ្នកគាំទ្រផ្ទះមួយចំនួនបានព្យាយាមបំបែកចូលទៅក្នុងទីលានប្រកួត។ កីឡាករ និងបុគ្គលិករបស់ក្លិបFeyenoord ត្រូវស្នាក់នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់ពួកគេមួយរយៈ រហូតដល់វាមានសុវត្ថិភាពក្នុងការចាកចេញ។ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យមានអ្នកគាំទ្រនៅក្នុងប្រកួតនោះទេ។
លោក Maurice Steijn គ្រូបង្វឹក Ajax បាននិយាយថា “វាជាថ្ងៃខ្មៅងងឹត ដែលធ្វើឱ្យវាកាន់តែអាក្រក់ទៅៗ”។ សេចក្តីថ្លែងការណ៍របស់ក្លិបបានបន្ថែមថា “ការគ្រប់គ្រង និងត្រួតពិនិត្យរបស់ Ajax ឃ្លាតឆ្ងាយពីការប្រព្រឹត្តខុសដែលនាំទៅដល់ការផ្អាកការប្រកួតជាមួយ Feyenoord និងការរំខាននៅពេលក្រោយ។ ការខកចិត្តចំពោះការចាប់ផ្តើមមិនល្អនៅរដូវកាលនេះគឺអាចយល់បាន ប៉ុន្តែមិនអាចជាមូលហេតុនៃអាកប្បកិរិយាមិនមានសណ្តាប់ធ្នាប់នោះទេ។ យើងសូមអភ័យទោសចំពោះអ្នកគ្រប់គ្នាដែលមានអារម្មណ៍មិនមានសុវត្ថិភាព ឬត្រូវបានប៉ះពាល់តាមមធ្យោបាយផ្សេងទៀត”។
Ajax ដែលជាម្ចាស់ជើងឯកលីកកំពូលហូឡង់៣៦សម័យ បានឈ្នះតែ១លើកគត់ក្នុងការប្រកួតលីគដែលបានបញ្ចប់ចំនួន៤លើកក្នុងរដូវកាលនេះ និងឈរនៅចំណាត់ថ្នាក់លេខ១៣ មាន២ពិន្ទុពីលើក្រុមដែលត្រូវកាត់ចោល។ ស្ថាប័នលីកកំពូល The Eredivisie បានប្រកាសថា “ព័ត៌មានបន្ថែមអំពីរបៀបបញ្ចប់ការប្រកួតនេះនឹងបង្ហាញនៅពេលក្រោយ”។
កីឡាករ Santiago Gimenez រកបាន២គ្រាប់សម្រាប់ Feyenoord និង Igor Paixao បន្ថែមមួយគ្រាប់ទី៣ដែលបង្កឱ្យមានប្រតិកម្មដំបូងពីអ្នកគាំទ្រក្នុងផ្ទះ។ លោក Arne Slot គ្រូបង្វឹករបស់ Feyenoord បាននិយាយថា “វាពិតជាគួរឱ្យរំខានណាស់ដែលការប្រកួតនេះបញ្ចប់ដូចនេះ។ ឱកាសសម្រាប់អ្វីដែលស្រស់ស្អាតត្រូវបានដកចេញពីយើង។ យើងយល់ពីការសម្រេចចិត្តដែលបានធ្វើឡើង ប៉ុន្តែយើងមិនមានអារម្មណ៍នៃជ័យជំនះទេ ហើយយើងប្រាកដជានឹងមិនឡើងឡានក្រុងដោយពេញចិត្តនោះទេ។”
ផ្លាកសញ្ញានៅលើអេក្រង់ធំនៅដីបានរំលឹកអ្នកគាំទ្រ Ajax ថា ការបាញ់កាំជ្រួចត្រូវបានហាមឃាត់ ប៉ុន្តែសារនេះត្រូវបានមិនអើពើដោយផ្នែកនៃអ្នកគាំទ្រ។ Ajax បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣កាលពីរដូវកាលមុន ហើយបានបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌ Champions League ជាលើកដំបូងក្នុង១៣រដូវកាល ខណៈដែល Feyenoord បានឈ្នះពានរង្វាន់នេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)