ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តford Raptor បេីកឡេីងខឿនទៅបុកស្លាកបា៉ណូមួយដេីមរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តម៉ាកFord Raptor​ មួយគ្រឿងបេីកឡេីងខឿនពុះចែកទ្រូងផ្លូវទៅបុកស្លាកបា៉ណូផ្សាយពាណិជ្ជកម្មបណ្តាលឱ្យបាក់អស់មួយដេីមរងការខូចខាត ចំណែករថយន្តទៅមុខលែងរួច។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០២៣​ នៅតាមបណ្តោយផ្លូវចោមចៅ​ (វេងស្រេង)ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Ford Raptor ពណ៌ត្រាវ ពាក់ស្លាកលេខភ្នំពេញ2BZ-1988ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃឡើងលើខឿនពុះចែកទ្រូងផ្លូវ ក៏ជ្រុលទៅបុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្មមួយដើមបណ្ដាលឱ្យរលើងដួលរាបដល់ដី ចំណែករថយន្តបង្កខ្ទេចមួយចំហៀងខាងមុខនិងបែកកង់ម្ខាងទៅមុខលែងរួច តែសំណាងអ្នកបើករថយន្តមិនមានរងរបួស។ ក្រោយមកគេឃើញមានរថយន្តស៊េរីទំនើបម៉ាកមែរសឺដេសមួយគ្រឿងបានបើកមកយកអ្នកបើកបររថយន្តបង្កចេញពីកន្លែងកើតហេតុទៅបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖