ភ្នំពេញ៖ លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) បានពន្យល់ជុំវិញការកើនឡើងនៃតម្លៃប្រេងនាពេលបច្ចុប្បន្ន នេះថា តម្លៃសំបុត្រយន្តហោះអាចនឹងមានការប្រែប្រួលខុសពីតម្លៃដើម ប្រសិនបើថ្លៃប្រេងនៅបន្តអូសបន្លាយពេលយូជាងនេះ។
លោក ស៊ិន ចាន់សិរីវុត្ថា បានថ្លែងថា ជាកត្តាសត្យានុម័តជាទូទៅនៅពេលដែលមានផលវិបត្តិអ្វីមួយទាក់ទងនឹងប្រេង គឺមិនមែណប៉ះពាល់ត្រឹមតែវិស័យដឹកជញ្ជូនតាមផ្លូវអាកាសទេ តែវាប៉ះពាល់ដល់វិស័យទាំងអស់។
លោកអ្នកនាំពាក្យ ក៏បានពន្យល់ថា «ជាទូទៅក្រុមហ៊ុនអាកាសចរណ៍ធំៗ ដែលមានយុទ្ធសាស្រ្តល្អ តែងតែទិញប្រេងស្តុកទុក យ៉ាងហោចណាស់ពី ២ សប្តាហ៍ ទៅ ១ខែ ស្តុកទុកនៅក្នុងតម្លៃមួយ ព្រោះគាត់ធ្វើការគណនាតម្លៃសំបុត្រយន្តហោះអាស្រ័យទៅតាមតម្លៃប្រេង ចឹងនៅពេលគាត់ដឹងតម្លៃប្រេងមុន និងទិញស្តុកទុកមុន តម្លៃសំបុត្រយន្តហោះថោក ឬថ្លៃ ទៅតាមតម្លៃប្រេងនេះអែង»។ លោក បន្ថែមថា «ប៉ុន្តែប្រសិនបើតម្លៃប្រេងកើនឡើងនៅបន្តអូសបន្លាយពេលយូ បញ្ហាកាន់តែវែង ដូច្នេះច្បាស់ណាថា នឹងប៉ះពាល់ដល់នូវប្រេងស្តុកចាស់ដែលគាត់បានទិញស្តុកទុក ចឹងហើយគាត់ត្រូវការទិញប្រេងស្តុកថ្មី ដូច្នេះប្រេងស្តុកថ្មី តម្លៃសំបុត្រយន្តហោះថ្មី»។
ជាមួយគ្នានេះ លោកបានអះអាងថា សង្គ្រាមមជ្ឈិមបូព៌ានេះមិនមែនត្រឹមតែប៉ះពាល់ដល់វិស័យដឹកជញ្ជូនតាមផ្លូវអាកាសទេ គឺប៉ះពាល់ដល់វិស័យដឹកជញ្ជូនទូទៅ ព្រោះយើងបានដឹងហើយថាច្រកសមុទ្រ Hormoz គឺមិនអាចដឹកជញ្ជូនប្រេងបានទេ ដោយកប៉ាល់ទាំងអស់ត្រូវបានកកស្ទះនៅទីនេះទាំងអស់ ដូច្នេះវាធ្វើឱ្យមានហានិភ័យខ្ពស់ ដោយយើងកំពុងបារម្ភពីការផ្គត់ផ្គង់ប្រេង ដែលធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា កាលណាតម្លៃប្រេងឡើងថ្លៃវានឹងធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពប្រជាជនប្រចាំថ្ងៃដែរ ព្រោះយើងការប្រើប្រាស់សព្វថ្ងៃយើងដឹងហើយថាការនាំចូលប្រេងសាំង គឺច្រើនបំផុតពីការនាំចូលសុទ្ធសាត ហើយតម្លៃ គឺជាតម្លៃអន្តរជាតិ ដូច្នេះនៅពេលតម្លៃអន្តរជាតិ អ្វីៗក៏ត្រូវកើនឡើងដូចគ្នាដែរ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច