អន្តរជាតិ ៖ ការផ្ទុះឡើងសង្រ្គាមថ្មីនៅមជ្ឈិមបូព៌ា រវាងអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ រុស្ស៊ីដំបូងឡើយមើលទៅដូចជាអ្នកចាញ់ដ៏ឯកោនៅលើឆាកអន្តរជាតិ។ ពោល លោកវ៉្លាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី បានបាត់បង់ដៃគូជាបន្តបន្ទាប់ដូចជាលោកNicolás Maduroមេដឹកនាំផ្តាច់ការរបស់ប្រទេសវេណេស៊ុយអេឡា ដែលត្រូវបានកងកម្លាំងអាមេរិក ចុះទៅក្របួចកដល់ក្នុងផ្ទះកាលពីខែមករាឆ្នាំ២០២៦ ក្រោមការចោទប្រកាន់ទាក់ទងនឹងបទល្មើសគ្រឿងញៀនដ៏ធំ។ ចំណែកសម្ព័ន្ធមិត្តម្នាក់ទៀត គឺលោកBashar al-Assadប្រធានាធិបតីនៃប្រទេសស៊ីរី ត្រូវបានគូប្រជែងក្នុងស្រុកវាយផ្តួលរំលំដណ្តើមអំណាចបានដោយជោគជ័យកាលពីឆ្នាំ២០២៤។ រីឯលោកAyatollah Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ ជាសម្ព័ន្ធមិត្តចុងក្រោយដែលលោកពូទីនបានបាត់បង់ នៅក្នុងការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ងនៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៦។
ជាការពិត អ៊ីរ៉ង់ជាសម្ព័ន្ធមិត្តយូរអង្វែងម្នាក់របស់រុស្ស៊ី ប៉ុន្តែទោះបីអាមេរិកនិងអ៊ីស្រាអែល បើកការវាយប្រហាររហូតផ្តាច់ជីវិតមេដឹកនាំកំពូលរបស់សាធារណរដ្ឋអ៊ិស្លាម លោកAyatollah Ali Khamenei ក៏ដោយ លោកពូទីនមានការប្រុងប្រយ័ត្ននៅក្នុងការបញ្ចេញប្រតិកម្ម។ បើតាមការចុះផ្សាយដោយសារព័ត៌មានCNN ជាផ្លូវការ រុស្ស៊ីបានថ្កោលទោសយុទ្ធនាការយោធារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ លោកពូទីនបានចូលរួមរំលែកទុក្ខ ចំពោះអតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ដែលត្រូវបានធ្វើឃាត។ ប៉ុន្តែលោកពូទីនបានចៀសវាងការរិះគន់លោកត្រាំដោយផ្ទាល់ ដូចដែលអ្នកសង្កេតការណ៍ជាច្រើនបានកត់សម្គាល់។
រុស្ស៊ីកំពុងជាប់ដៃក្នុងសង្រ្គាមឈ្លានពានលើប្រទេសអ៊ុយក្រែន អស់រយៈពេលជាង៤ឆ្នាំមកហើយ។ សង្រ្គាមដ៏អូសបន្លាយរកទីបញ្ចប់មិនទាន់ឃើញនេះ បានធ្វើឱ្យរុស្ស៊ីខាតបង់មិនតិចឡើយ មិនថាយោធា សព្វាវុធនិងចំណូល។ ដូច្នេះចង់ឬមិនចង់ រុស្ស៊ីត្រូវទុកផ្លូវដើរសម្រាប់ខ្លួនឯង ដែលធ្វើឱ្យភាពជាដៃគូយុទ្ធសាស្ត្រដែលទីក្រុងមូស្គូ បានចុះហត្ថលេខាជាមួយអ៊ីរ៉ង់កាលពីឆ្នាំមុន ហាក់ដូចជាគ្រាន់តែជាក្រដាស់មួយសន្លឹកប៉ុណ្ណោះ ៕

(VAYO )
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច