ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីហ្វីលីពីនបញ្ជាក់ថា មិនស្វែងរកបញ្ហានៅសមុទ្រចិនខាងត្បូងឡើយ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា លោកប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos Jr) បាននិយាយនៅថ្ងៃទី២៩ខែកញ្ញាថា ហ្វីលីពីននឹងពង្រឹងការការពារទឹកដី ក៏ដូចជាសិទ្ធិនៃអ្នកនេសាទរបស់ខ្លួន ហើយមិនចង់មានបញ្ហានោះទេ ចំពេលដែលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងជាមួយចិន ជុំវិញសកម្មភាពក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។
ឆ្មាំសមុទ្រហ្វីលីពីនក្នុងសប្តាហ៍នេះបានរុះរើរបាំងបណ្តែតទឹកប្រវែង ៣០០ម៉ែត្រដែលចិនបានដាក់នៅតំបន់ថ្មបប្រ៉ះទឹក Scarborough Shoal ដោយជោគជ័យ។ ក្នុងសុន្ទរកថាលើកដំបូងក្រោយផ្ទុះភាពតានតឹងនាពេលថ្មីៗនេះ លោក ម៉ាកូស បាននិយាយថា ហ្វីលីពីនកំពុងរក្សាសិទ្ធិលើការនេសាទក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។
លោកបានគូសបញ្ជាក់ថា «អ្វីដែលយើងនឹងធ្វើគឺបន្តការពារជាតិ ដែនសមុទ្រហ្វីលីពីន សិទ្ធិនៃអ្នកនេសាទរបស់យើងក្នុងការនេសាទត្រីនៅក្នុងតំបន់ដែលពួកគេធ្វើរាប់រយឆ្នាំមកហើយ។ នោះហើយជាមូលហេតុដែលខ្ញុំមិនយល់ថា ហេតុអ្វីបានជាមានរឿងបែបនេះកើតឡើង»។
ក្រោយពីមានការរុះរើរបាំងបណ្តែតទឹកនោះចេញ ឆ្មាំឆ្នេរសមុទ្រចិនបានប្រាប់ហ្វីលីនកុំឱ្យបង្កបញ្ហា ខណៈដែលសហរដ្ឋអាមេរិកបានកោតសរសើរហ្វីលីពីនថាមានភាពក្លាហាន ដោយគូសបញ្ជាក់ពីកាតព្វកិច្ចអនុវត្តសន្ធិសញ្ញាដើម្បីការពារអតីតដែនដីអាណានិគមរបស់ខ្លួនមួយនេះ៕

ដោយ៖ ធីរីណា(រូប​ថត​៖ phlistar)


ចែករំលែក៖