ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តបាត់ដំបង​ ស្រាវជ្រាវ​បង្រ្កាប​មុខសញ្ញា​ជួញដូរគ្រឿងញៀន​បានចំនួន​ ០៥នាក់​ រួមនឹង​កាំភ្លើង​ខ្លី​មួយដើម

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​៣០​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ជំនាញ​ខេត្តបាត់ដំបង​ បានចុះស្រាវជ្រាវ​បង្រ្កាប​ករណីជួញដូរគ្រឿងញៀន​ជាក់ស្ដែង​ ឃាត់ខ្លួនមនុស្ស​ចំនួន​ ០៥នាក់​ជាបន្តបន្ទាប់​ក្នុងរយៈពេល​ពីរ​ថ្ងៃ​កន្លង​មក​នេះ​​ រួមនឹងវត្ថុតាង​ថ្នាំញៀន​ជាច្រើន​ ព្រមទាំង​កាំភ្លើង​ខ្លី​ស៊េរីទំនើប​មួយដេីម​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ក្រោយសាកសួរ​បញ្ចប់​នីតិវិធី​។ 

របាយការណ៍ដដែល​បន្តថា​ លោកវសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំដោយបានចុះប្រតិបត្តិការ បង្ក្រាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង​ នៅចំណុចភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ 

ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ១.ឈ្មោះ នេ ណុយ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ២.ឈ្មោះ ធឿន វិច្ឆិកា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង៣.ឈ្មោះ រ៉ន វីរៈ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

វត្ថុតាងចាប់យកបានរួមមាន ៖ 

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៦ថង់ ទម្ងន់ ៥៥,៧១ក្រាម ។ 

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ៤៥៩គ្រាប់ ទម្ងន់ ៤៦,៩៧ក្រាម និងកំទេចថ្នាំញៀន ចំនួន ០១ថង់ ទម្ងន់ ១,៦០ក្រាម ។

-ថ្នាំញៀនប្រភេទកេតាមីន(KETAMINE) ចំនួន ១២កញ្ចប់ ទម្ងន់ ៩៥,១៩ក្រាម និងថ្នាំគ្រាប់ចំនួន ០២គ្រាប់ ទម្ងន់ ០,៦០ក្រាម ។

-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ បាត់ដំបង 1Y-1451 ។

-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង ។

-សម្ភារសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ព្រមទាំងមានការសម្របសម្រួលនីតិវិធី ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កំលាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកំលាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ទៀត នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យមានឈ្មោះ ១.ឈ្មោះ ឈឿន បុល ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង២.ឈ្មោះ មុខ ដារ៉ុង ហៅឆ្លូញ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

វត្ថុតាងចាប់យកបានរួមមាន ៖ 

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៥ថង់ ទម្ងន់ ៤០៩,៧៨ក្រាម ។ 

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ១,១២៩គ្រាប់ ទម្ងន់ ១១៣,៨៤ក្រាម ។ 

-អាវុធខ្លីចំនួន ០១ដើម ម៉ាក GLOCK,បង់ចំនួន ០១ ,គ្រាប់ចំនួន ០២គ្រាប់ ។

-រថយន្តចំនួន ០១គ្រឿង ម៉ាក CAMRY ពណ៌ខ្មៅ សេរីឆ្នាំ១៩៩៥ ពាក់ផ្លាកលេខ ភ្នំពេញ 2H-9624 ។

-ទូរស័ព្ទដៃចំនួន ០៣គ្រឿង ។

-សម្ភារសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។ 

បច្ចុប្បន្ន​នៅព្រឹកថ្ងៃសៅរ៍​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ ជនសង័្សយរួមនិងវត្ថុតាងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕

ដោយ៖សហការី​


ចែករំលែក៖