ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោក ឃួង ស្រេង ដឹកនាំក្រុមការងារ​ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពជនរងគ្រោះដោយសារលង់ទឹកចំនួន៣គ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី​ ០៣ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៣នេះ​ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ បានចាត់ឱ្យ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា​ ជាតំណាងដឹកនាំក្រុមការងារ​ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពជនរងគ្រោះដោយសារលង់ទឹកចំនួន៣គ្រួសារ ដែលហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១៧:០០នាទីល្ងាចថ្ងៃទី​ ០២​ ខែ តុលា​ ឆ្នាំ​ ២០២៣ នៅក្នុងស្រះចិញ្ចឹមត្រី ចំណុចផ្លូវបេតុង ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។ ជនរងគ្រោះទាំង៣មានឈ្មោះរួមមាន៖

១.​ ឈ្មោះ​ ជូ គីនីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។

២.​ ឈ្មោះ​ ជូ តារា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌ ព្រែកព្នៅ​ ។ 

៣.​ ឈ្មោះ​ ចំរ៉ុង សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកនាយកប្រតិបត្តិសាខា បានពាំនាំនូវការសោកស្តាយ​ និងសូមចូលរួមរំលែកមរណទុក្ខពី លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះហេតុការណ៍ដ៏អកុសល​ ដែលបណ្តាលឱ្យបាត់បង់ជីវិតជនរងគ្រោះរហូតដល់ទៅ៣នាក់​ ។ លោកក៏សូមឱ្យក្រុមគ្រួសារនៃសពទាំងអស់ មេត្តាកាត់ចិត្ត​ កុំអស់សង្ឃឹម​ ត្រូវពង្រឹងស្មារតីឡើងវិញ​ គិតគូរពីកូនចៅដែលនៅរស់​ និងបន្តខិតខំប្រឹងប្រែងប្រកបរបររកទទួលទាន​ ដើម្បីចិញ្ចឹមជីវិតជាបន្តទៀត ព្រមទាំងសូមឧទ្ទិសបួងសួងចំពោះវិញ្ញាណក្ខន្ធសពជនរងគ្រោះទាំងអស់​ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ​ ។ 

អំណោយមនុស្សធម៌ដែលនាំយកមកផ្តល់ជូន​ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករសុខភាព ទឹកបរិសុទ្ធឱរ៉ាល់ សម្ភារៈប្រើប្រាស់មួយចំនួនធំ និងថវិកាចំនួន១លានរៀល ៕

ដោយ : សហការី


ចែករំលែក៖