ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវពង្រឹងភាពទន់ និងភាពជាអ្នកដឹកនាំដល់នគរបាលនារី ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក្នុងការបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក រស់ ចន្ទ័សោភា អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា៖ “ក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវពង្រឹងភាពទន់ និងភាពជាអ្នកដឹកនាំដល់នគរបាលនារី” ខណៈដែលជាឱកាសបានជួបគ្នាផ្ទាល់ ត្រូវចាប់យកចំណេះដឹង និងបទពិសោធន៍ថ្មីៗទទួលបានពីការចែករំលែកក្នុងវគ្គ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក្នុងការបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាព។ 

ការលើកឡើងរបស់ លោកជំទាវអគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបណ្តាល ស្តីពី “ការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំដល់នគរបាលនារី” ដល់ក្រុមការងារយេនឌ័រ នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកស្រីឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា ក្នុងនាម លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ពិតជាសេចក្តីសោមនស្សរីករាយ និងមានមោទនភាពបំផុត ដែលថ្ងៃនេះ ក្រុមការងារយេនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំដល់នគរបាលនារី ជាថ្នាក់ដឹកនាំក្រុមការងារយេនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងឱកាសនោះ លោកស្រីឧត្តមសេនីយ៍ឯក បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវប្រើប្រាស់ពេលវេលាដ៏មានតម្លៃនេះ ដើម្បីផ្ចង់ស្មារតីត្រង់ត្រាប់ស្តាប់ការពន្យល់បកស្រាយ អំពីខ្លឹមសារមេរៀន និងត្រូវក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ទាំងនោះ ឲ្យបានគ្រប់ជ្រុងជ្រោយ ហើយលោកស្រីសង្ឃឹមថា លោក លោកស្រី នឹងយកមេរៀនដែលបានរៀននេះទៅអនុវត្តក្នុងការងារកាន់តែមានប្រសិទ្ធភាពលើការងារដឹកនាំបញ្ជ្រាបយេនឌ័ររបស់នាយកដ្ឋាន-អង្គភាព នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តក្នុងគ្រួសារ និងក្នុងសង្គម។

លោកស្រីឧត្តមសេនីយ៍ឯក រស់ ចន្ទ័សោភា បន្តថា ដើម្បីចូលរួមចំណែកក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្ដពង្រឹងសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមនឹងមុំទី១ នៃបញ្ចកោណទី៤ ការលើកកម្ពស់សមភាពយេនឌ័រឲ្យស្របទៅនឹងសភាពការណ៍រីកចំរើនក្នុងសង្គមជាតិ និងដើម្បីឲ្យកងកម្លាំងនគរបាលជាតិ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ មានការយល់ដឹងកាន់តែច្បាស់ និងមានទស្សនៈថ្មីៗ ក្នុងការផ្តល់សិទ្ធិអំណាចរវាងភេទ និងការងារឲ្យបានសមស្រប។ ដោយផ្អែកលើតម្រូវការចាំបាច់ក្នុងការបង្កើនសមត្ថភាព ចំណេះដឹងយេនឌ័រ ទើបក្រុមការងារយេនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល០២ថ្ងៃ ដើម្បីឲ្យសិក្ខាកាមបានយល់នូវអ្វីដែលជាការកំណត់ភាពអង់អាចក្លាហានរបស់នគរបាលនារី ដើម្បីអាចកំណត់បាននូវបញ្ហាប្រឈមថ្មីៗនានា ក្នុងការលើកសំណូមពរដល់ថ្នាក់ដឹកនាំធ្វើការកែសម្រួលគោលនយោបាយ ផែនការកម្មវិធីនានា ក្នុងគោលបំណងការពារផលប្រយោជន៍របស់នគរបាលជានារី ។ លើសពីនេះ ក៏ជាឱកាសដល់អ្នកចូលរួមធ្វើការឆ្លុះបញ្ចាំងភាពជាអ្នកដឹកនាំផ្ទាល់ខ្លួន សមត្ថភាពបំពេញការងារ និងពីផែនការលូតលាស់ក្នុងអាជីពការងារ និងរៀបចំផែនការសកម្មភាពរយៈពេល៥ឆ្នាំខាងមុខ។

ជាថ្មីម្តងទៀត ក្នុងនាម លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមយកឱកាសនេះថ្លែងអំណរគុណ ដោយស្មោះអស់ពីដួងចិត្តចំពោះវត្តមានចូលរួមរបស់ លោកស្រី អ្នកនាងកញ្ញានិងអ្នកគ្រូឧទ្ទេស ដែលនេះគឺជាការចូលរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងការងារបញ្ជ្រាបយេនឌ័ររបស់នគរបាលជាតិកម្ពុជា និងជាការឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់ក្នុងការពង្រឹងសមត្ថភាពយេនឌ័រ ដើម្បីមានសមភាពក្នុងការងារ និងគម្លាតយេនឌ័រ ត្រូវកាត់បន្ថយនិងឈានទៅលុបបំបាត់នូវភាពរើសអើងទាំងស្រុងក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងសង្គមជាតិទាំងមូល។

ក្នុងឱកាសនោះដែរ លោកស្រី ប៉ែន បុប្ផា នាយិការមជ្ឈមណ្ឌលឫទ្ធិពល បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំដល់នគរបាលនារី ក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគបាលជាតិ មានគោលបំណង ៖ ១-ពង្រឹងទំនុកចិត្តនិងភាពជឿជាក់លើខ្លួនឯង, ២-ពង្រឹងភាពជាអ្នកដឹកនាំនិងគោលដៅជីវិតក្នុងការបន្តរីកចម្រើននៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ, ៣-បង្កើនប្រសិទ្ធភាព ក្នុងការបំពេញការងារនិងជំនាញការគ្រប់គ្រងចាត់ចែងការងារ និង៤-ជំរុញលើកទឹកចិត្តខ្លួនឯង និងការប្រកាន់ខ្ជាប់នូវអត្តចរិកជាអ្នកផ្តល់សេវាសាធារណៈដ៏ល្អ ៕

ដោយ៖ សហការី​


ចែករំលែក៖