ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រអិលជើងរមៀលធ្លាក់ពីលើភ្នំចូលក្នុងរណ្តៅជីកយកថ្មរបស់ក្រុមហ៊ុនចិនលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ដើរឡើងទៅលើភ្នំបាញ់សត្វព្រាបក៏រអិលជើងរមៀលធ្លាក់ពីលើចូលក្នុងរណ្តៅទឹកក្រុមហ៊ុនចិនកាយយកថ្មបណ្ដាលឱ្យស្លាប់នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៣ នៅម្តុំភ្នំខ្លែងពណ៌ ស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក  ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ ថៃ ណារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបឹងស្នោ ឃុំស្លក្រាម  ស្រុកស្វាយចេក  ។

លោកអធិការបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅបាញ់សត្វព្រាបនៅលើភ្នំម្តុំភ្នំខ្លែងពណ៌ ហើយក៏រអិលជើងរមៀលធ្លាក់ពីលើភ្នំ ចូលក្នុងរណ្តៅទឹកដែលក្រុមហ៊ុនចិនកាយយកថ្ម ។ ពេលនោះពលរដ្ឋឃ្វាលគោនៅទីនោះបានមើលឃើញក៏ស្រែករកប្រជាពលរដ្ឋអោយជួយរាវរកក្នុងទឹកអស់រយៈពេល០៣ម៉ោងទើបរកឃើញ  តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ ។សពបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ វណ្ណា


ចែករំលែក៖