ព័ត៌មានទាន់ហេតុការណ៍៖

បងថ្លៃទាញដាវសាមូរ៉ៃកាប់ប្អូនថ្លៃស្លាប់ភ្លាមៗក្នុងថ្លុកឈាមព្រោះតែរឿងបន្តិចបន្តួច

ចែករំលែក៖

ខេត្តតាកែវ៖​ បុរសម្នាក់ស្រវឹងស្រាជោកបានទាញដាវសាមូរ៉ៃទៅកាប់ប្រហារប្អូនថ្លៃរបស់ខ្លួនបណ្តាលឱ្យដាច់កស្លាប់ភ្លាមៗក្នុងថ្លុកឈាមយ៉ាងរន្ធត់បំផុតនៅកន្លែងកេីតហេតុដោយសារតែមានទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួច​ ។ 

   ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១៨ និង២០នាទីថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២៣ នៅចំណុចភូមិមានជោគ  ឃុំក្រាំងលាវ  ស្រុកបាទី  ខេត្តតាកែវ។ 

   ជនសង្ស័យ ឈ្មោះ ម៉ៅ ហុងឡាយ ហៅ ណុប  ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតខាងលើ ។ ចំណែកជនរងគ្រោះឈ្មោះ នៅ វ៉ាង ភេទប្រុស អាយុ៣២ឆ្នាំ (ត្រូវជាប្អូនថ្លៃ) មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិមានជោគ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ 

    តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា​ នៅវេលាកេីតហេតុខាងលេីកម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានមកថា​ មានករណីឃាតកម្មបង្កឡេីងដោយបងថ្លៃបានយកដាវសាមូរៃ៉កាប់ទៅលេីប្អូនថ្លៃបណ្តាលឱ្យចំកដាច់ដល់ឆ្អឹងស្លាប់ភ្លាមៗដោយសារតែស្រវឹងស្រានិងមានទំនាស់បាក្យសម្តីគ្នារឿងយកខ្សែភ្លេីង។ ក្រោយកើតហេតុជនសង្ស័យបានរត់គេចខ្លួនបាត់។ 

សមត្ថកិច្ចបានបញ្ជាក់ទៀតថា​ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាផ្ទាល់ពីលោក អនុសេនីយ៍ឯក ឃុត​ ចុត្រា​  អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ​ នគរបាលស្រុកបាទី នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៩និង០០ នាទីយប់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំរោង រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ ចុះទៅឃាត់ខ្លួនជនសង្ស័យបាននៅត្រង់ចំណុចភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ និងដកហូតវត្ថុតាងដាវសាមូរៃ៉ចំនួន ០១ ដើម ប្រវែង ៦៧ សង់ទីម៉ែត្រ មកអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី រីឯសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖