ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោកឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា ចុះសំណេះសំណាលសួរសុខទុក្ខកងកម្លាំងការពារព្រំដែនទិសភូមិភាភ២ ក្នុងឱកាសបុណ្យភ្នំបិណ្ឌ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ លោក សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយ លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចូលរួមពី លោកអភិបាលរងខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយនគរបាល នាយនគរបាលរង នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ​ បានអញ្ជើញចុះត្រួតពិនិត្យសភាពការណ៍ស្វែងយល់ការលំបាក បញ្ហាប្រឈម និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលព្រំដែន ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នៅទីបញ្ជាការគណបញ្ជាការនគរបជាតិប្រចាំទិសភូមិភាគទី២ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោក សំរិទ្ធ ឌី បានពាំនាំនូវប្រសាសាន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹកបំផុតពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលដែលកំពុងឈរជើងយ៉ាងអង្គអាចក្លាហានការពារបូរណភាពទឹកដី។

ជាមួយគ្នានោះដែរ លោករដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជាថវិកា ចំនួន ៣៣លានរៀល  មីចំនួន ៦២កេសធំ ត្រីខចំនួន ៣២កេសធំ ទឹកក្រូចចំនួន ៧៨កេស និងស្រាបៀចំនួន ១៦២កេស ដើម្បីឧបត្ថម្ភលើកទឹកចិត្តដល់កងកម្លាំងផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖