ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា ៖ និយាយជារួម វគ្គបណ្តុះបណ្តាល ស្តីពី “ការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំដល់នគរបាលនារី”នេះប្រៀបបានទៅនឹងការដាស់ឆ្កឹះឡើងវិញនូវភាពនូវភាពជឿជាក់លើខ្លួនឯង ឱ្យមានការខិតខំ ឱ្យមានគោលដៅផែនការការងាររបស់ខ្លួន ផែនការជីវិត ផែនការគ្រួសារ ដែលយើងចង់បាន ចង់សម្រេច នូវរយៈពេលខាងមុខដែលខ្លួនបានកំណត់ ដោយហ៊ានពុះពារ មិនខ្លាច មិនរាថយ គេចវេសចំពោះឧបសគ្គ។
ការថ្លែងបែបនេះរបស់លោកស្រីអគ្គស្នងការរងនគរបាលជាតិ នាឱកាសលោកស្រីតំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបណ្តាល ស្តីពី “ការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំដល់នគរបាលនារី” កាលពីថ្ងៃទី០៦ តុលាម្សិលមិញនេះ នៅឯនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ។
លោកស្រីឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា បានមានប្រសាសន៍ថា ៖ ថ្វីត្បិតតែវគ្គនេះមានរយៈពេលខ្លីក៏ពិតមែន ក៏ប៉ុន្តែលោកជំទាវមានសង្ឃឹមថា សិក្ខាកាមដែលចូលរួមនឹងចងចាំបាននូវអ្វីដែលជាការកំណត់គោលដៅជីវិត និងឆ្លុះបញ្ជាំង បន្ស៉ីនិងគោលដៅរបស់ស្ថាប័ន។ លោកស្រី បន្តថា ការសិក្សានេះ ក៏បានលើកទឹកចិត្តទៅដល់បងប្អូននគរបាលនារីដែលជាសិក្ខាកាម អំពីសកម្មភាព ការងារដែលយើងនឹងធ្វើនៅក្នុងតួនាទីភារកិច្ចជានគរបាលនារី ក្នុងនាមជាប្រធាន ,អនុប្រធាន ,សមាជិក ក្នុងកិច្ចការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបាននូវការជឿជាក់ និងការឲ្យតម្លៃលើខ្លួនឯង ព្រមទាំងការទំនាក់ទំនង ការឲ្យយោរបល់ និងការដឹកនាំប្រកបដោយប្រសិទ្ធភាព ។ ជាពិសេសសិក្ខាកាមបានយល់នូវអ្វីដែលជាការកំណត់ភាពអង់អាចក្លាហានរបស់នគរបាលនារី ដើម្បីអាចកំណត់បាននូវបញ្ហាប្រឈមថ្មីៗនានា ក្នុងការលើកសំណូមពរដល់ថ្នាក់ដឹកនាំធ្វើការកែសម្រួលគោលនយោបាយ ផែនការកម្មវិធីនានា ក្នុងគោលបំណងការពារផលប្រយោជន៍របស់នគរបាលជានារី ។
ជាថ្មីម្តងទៀត ក្នុងនាម លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមយកឱកាសនេះថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្តចំពោះវត្តមានចូលរួមរបស់ លោកស្រី អ្នកនាងកញ្ញានិងអ្នកគ្រូឧទ្ទេស ដែលនេះគឺជាការចូលរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងការងារបញ្ជ្រាបយេនឌ័ររបស់នគរបាលជាតិកម្ពុជា និងជាការឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់ក្នុងការពង្រឹងសមត្ថភាពយេនឌ័រ ដើម្បីមានសមភាពក្នុងការងារ និងគម្លាតយេនឌ័រ ត្រូវកាត់បន្ថយ និងឈានទៅលុបបំបាត់នូវភាពរើសអើងទាំងស្រុងក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងសង្គមជាតិទាំងមូល។
ក្នុងឱកាសនោះដែរ លោកស្រី ប៉ែន បុប្ផា នាយិការមជ្ឈមណ្ឌលឫទ្ធិពល បានមានប្រសាសន៍ថា ៖ រយៈពេល០២ថ្ងៃ នៃវគ្គបណ្តុះបណ្តាលនេះ លោកស្រីសង្កេតឃើញថា មានការបម្រែបម្រួលជាខ្លាំង ក្នុងការជឿជាក់ខ្លួនឯង ក្នុងការនិយាយជាសាធារណៈ ជាពិសេសសិក្ខាកាមចេះទំនាក់ទំនង ចេះជួយគ្នា ចេះស្រលាញ់សហការសាមគ្គីគ្នា ក្នុងក្រុមការងារ និងការសិក្សា ។ ការចូលរួមបេសកកម្មក្នុងជីវិតមួយនេះ ពិតជាមានអត្ថន័យ សារសំខាន់ និងបន្តជាប្រយោជន៍សម្រាប់នគរបាលនារី និងចូលរួមអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែរីកចម្រើន ៕
ដោយ៖សហការី