ព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣បានផ្សាយថា យោធាអ៉ីស្រាអែលបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ជាង២០០នាក់បានស្លាប់ក្នុងការឆ្មក់វាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខណៈដែលនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញានឹងធ្វើការសងសឹកយ៉ាងចាស់ដៃទៅវិញ ដោយនឹងកម្ទេចកន្លែងលាក់ខ្លួននានារបស់ក្រុម Hamas នៅតំបន់ Gaza Strip ឱ្យក្លាយទៅជាផេះ។
រីឯខាងក្រុមមន្រ្តីនៅ Gaza វិញ បានអះអាងថា ការវាយប្រហារសងសឹករបស់អ៉ីស្រាអែលទៅលើតំបន់របស់ខ្លួនក៏បានផ្តាច់ជីវិតមនុស្សយ៉ាងតិច២៣២នាក់ផងដែរ ខណៈជិត១,៧០០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីក្រុម Hamas បានបាញ់ស្រោចមីស៉ីលរាប់ពាន់គ្រាប់ ហើយបញ្ជូនជនសកម្មប្រយុទ្ធរបស់ខ្លួនឆ្លងព្រំដែនដើម្បីវាយប្រហារអ៉ីស្រាអែលដោយផ្ទាល់ ព្រមទាំងចាប់មនុស្សជាច្រើនយកធ្វើជាចំណាប់ខ្មាំង។ វាគឺជាការកើនឡើងភាពតានតឹងដ៏បង្អូរឈាមបំផុត នៃបញ្ហាវិវាទរវាងអ៉ីស្រាអែលនឹងប៉ាឡេស្ទីន គិតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។
ក្រុមលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានចេញមុខថ្កោលទោសធ្ងន់ៗចំពោះ ការវាយប្រហាររបស់ក្រុម Hamas ហើយគាំទ្រសិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល។ នៅថ្ងៃអាទិត្យសប្តាហ៍នេះ (ពេលវេលានៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ នឹងកោះប្រជុំគ្នាបន្ទាន់ ដើម្បីជជែកអំពីស្ថានការណ៍ខាងលើ៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN