ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមអុីស្រាអែល-ហាម៉ាស៖ UN កោះប្រជុំបន្ទាន់ អាមេរិក បញ្ជូននាវាផ្ទុកយន្តហោះទៅជួយសម្ព័ន្ធមិត្ត

ចែករំលែក៖

អង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់ ស្តីពីស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ក្រោយផ្ទុះសង្គ្រាមវាយប្រហារ រវាងអុីស្រាអែលនឹងប៉ាឡេស្ទីនបណ្តាលឲ្យពលរដ្ឋអុីស្រាអែលជាង ១.២០០នាក់ស្លាប់។
ក្នុងពេលនេះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) បាននិយាយថាលោកបាន បញ្ជាឱ្យកងនាវាចម្បាំងដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង USS Gerald R. Ford ធ្វើដំណើរទៅកាន់តំបន់សមុទ្រមេឌីទែររ៉ាណេខាងកើត ដើម្បីបង្ហាញ ការគាំទ្រ និងត្រៀមលក្ខណៈផ្ដល់ជំនួយដល់អ៉ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់បានបន្សល់ទុកមនុស្សច្រើនជាង ១,០០០នាក់ នៃភាគីទាំងសងខាងបាត់បង់ជីវិត។
នាវាផ្ទុកយន្ដហោះចម្បាំង USS Gerald R. Ford ដែលជានាវាផ្ទុកយន្ដហោះចម្បាំងស៊េរីទំនើបបំផុតមួយរបស់កងទ័ពជើងទឹកអាមេរិក និងដឹកទាហានជាង ៥,០០០នាក់ រួមទាំងផ្ទុកយន្ដហោះចម្បាំងផងនោះ នឹងត្រូវបានអមដំណើរដោយនាវាចម្បាំងប្រដាប់ដោយមីស៊ីល និងនាវាពិឃាដ ដើម្បីបង្ហាញសាច់ដុំ និង ត្រៀមលក្ខណៈធ្វើការឆ្លើយតប និងដឹកនាំសកម្មភាពឃ្លាំមើល ក៏ដូចជារារាំងរាល់ការបញ្ជូនអាវុធបន្ថែមណាមួយទៅឱ្យក្រុមហាម៉ាស់។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏កំពុងបង្កើនចំនួនយន្ដហោះចម្បាំង F-35, F-15, F-16 និង A-10 នៅក្នុងតំបន់ផងដែរ។
គួរបញ្ជាក់ថា បើតាមលោក Lloyd Austin រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នឹងផ្ដល់ឱ្យកងកម្លាំងអ៉ីស្រាអែលនូវបរិក្ខារ និងធនធានបន្ថែម ក្នុងនោះរួមមាន ទាំងមានទាំងអាវុធផងដែរ ហើយកញ្ចប់ជំនួយសន្តិសុខដំបូងអាចនឹងត្រូវបានបញ្ជូនទៅដល់ដៃអ៉ីស្រាអែល ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ៕ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN


ចែករំលែក៖