ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ជាជាងពិដាន ខណៈដែលកំពុងធ្វើការងារ ភ្លាត់ស្នៀតរអិលជើងធ្លាក់ពីលើរន្ទាកម្ពស់៤ម៉ែត្រ បណ្តាលឱ្យបាក់កស្លាប់ភ្លាមៗ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅការដ្ឋានសំណង់សាលារៀន WEST VIEN CAMBODIAN ស្ថិតតាមផ្លូវ៥៩៨ ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមាន ឈ្មោះ ចាប ដារ៉ា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ កម្មករសំណង់ ជាងពិដាន ។ ជនរងគ្រោះជាបុរសពោះម៉ាយ មានកូន៣នាក់ ប្រុស២នាក់ ស្រី១នាក់ រស់នៅក្នុងភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមសាច់ញាតិបានឱ្យដឹងថា ការដ្ឋានសំណង់ខាងលើបង្ខំឱ្យដំណើរការសាងសង់ ឆាប់រួចរាល់ ទើបសុំឱ្យខាងជាងសម្រុកធ្វើការងារ ទាំងយប់ទាំងថ្ងៃ ហើយមុនកើតហេតុ ជនរងគ្រោះ និងកម្មករផ្សេងទៀត ធ្វើការងារតាមជំនាញរៀងខ្លួន ស្រាប់តែនៅវេលាម៉ោងខាងលើ ជនរងគ្រោះរអិលជើងធ្លាក់ពីលើរន្ទាកម្ពស់៤ម៉ែត្រ បណ្តាលឱ្យប៉ះពាល់ក្បាលធ្ងន់ធ្ងរ បាក់កស្លាប់ភ្លាមៗនៅកន្លែង ។
ក្រោយកើតហេតុ រាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យ កោសល្យវិច័យ រួចរាល់នៅវេលាម៉ោង៦ព្រឹកថ្ងៃដដែល ហើយប្រគល់សពជូនសាច់ញាតិ ដឹកចេញពីការដ្ឋានសំណង់ យកទៅធ្វើបុណ្យតាមបនរពៃណី នៅលំដ្ឋានក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ៕
ដោយ៖សុខាសែនជ័យ