ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពស្ត្រីម្នាក់កប់ក្នុងដីក្នុងដីឡូត៍មួយកន្លែងនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល៖​ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តកណ្ដាល​ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះថា មានប្រជាពលរដ្ឋប្រទះឃើញសាកសពស្រ្តីម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេយកទៅទុកចោល កប់ក្នុងដីចេញជើងមកក្រៅ នៅក្នុងដីឡូត៍មួយកន្លែង។​ និងអំពាវនាវដល់បងប្អូនទាំងឡាយ ដែលបានបាត់​សមាជិក​ក្រុមគ្រួសារ​ សូមទៅទំនាក់ទំនងជាមួយសមត្ថកិច្ច។ 

សាកសពស្រ្តីខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណទេ មានអាយុប្រហែល៤០ឆ្នាំ កំពស់១.៦០ម៉ែត្រ សក់ស្លូតពណ៌ទង់ដែង ពាក់អាវដៃខ្លី អាវក្នុងពណ៌ខ្មៅ ស្លៀកខោជើងខ្លីពណ៌ខ្មៅឆែកជើងសងខាង លីអូពណ៌ខ្មៅ ក្រចកដៃលាបពណ៌ផ្កាឈូកភ្លឺផ្លេកៗ ។​ ដោយយោងតាមការពិនិត្យរបស់សមត្ថកិច្ចក្រុងតាខ្មៅ បានបញ្ជាក់​ថា ករណីប្រទះឃើញសាកសពនេះ កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ជិតផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប្រភពព័ត៌មានពីប្រជាប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលេីនេះ​ បានឲ្យដឹងថា ពួកគាត់បានប្រទះឃើញសាកសព ដេកស្លាប់កប់ក្នុងដីចេញជើងមកក្រៅ រួចក៏បានរាយការណ៍ជូនអាជ្ញាធរភូមិសង្កាត់ និងសមត្ថកិច្ចផ្នែកជំនាញចុះមកពិនិត្យឃើញសាកសពកប់ក្នុងដីជើងផ្ងារ បាតជើងខាងស្ដាំផុសចេញមកក្រៅ សាកសពពូនខ្សាច់ពីលើ និងដាក់ដុំថ្មជុំវិញ​ ដោយ​ឃ្លាតឆ្ងាយពីផ្ទះប្រជាពលរដ្ឋ ចម្ងាយពីផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រហែល៣០០ម៉ែត្រ នៅខាងត្បូង ។

តាមការពិនិត្យសាកសព ហើមស្អុយ ស្បែកស្រោមដៃរបូតចេញ ភ្នែកខាងស្ដាំហើមប៉ោងលឹប ដៃទាំងពីររុំស្កុតស ធ្មេញខាំអណ្ដាត។ តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យនឹងជំនាញ ជនរងគ្រោះស្លាប់ដោយសារឃាតកម្ម ។ បន្ទាប់ពីធ្វើកោសល្យវិច័យរួច សពត្រូវបានយកទៅតម្កល់ទុកនៅមន្ទីរពេទ្យជ័យជំនះ ដើម្បីស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាប្រពៃណី។

គួរបញ្ជាក់ថា​ នៅព្រឹក​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២៣​ កម្លាំងសមត្ថកិច្ចបានអំពាវនាវដល់បងប្អូនទាំងឡាយ ដែលបានបាត់ សមាជិកដូចមានភិនភាគដែលបានរៀបរាប់ជូន សូមមកបញ្ជាក់បង្ហាញហេតុផលជូនសមត្តកិច្ចយើងផង ដើម្បីសមត្ថកិច្ចស្រាវជាវ ស្វែងរកជនដៃដល់ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖