ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការអង្គការសហប្រជាជាតិព្រមានតំបន់មជ្ឈិមបូព៌ា «ស្ថិតនៅមាត់រណ្តៅនៃវិនាសកម្ម»

ចែករំលែក៖

នៅថ្ងៃទី១៥ខែតុលាអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់ក្រុមអ៊ិស្លាម ហាម៉ាស់ដោះលែងចំណាប់ខ្មាំងទាំងអស់។ ទន្ទឹមនឹងនោះក៏បានស្នើដល់អុីស្រាអែល អនុញ្ញាតឱ្យបញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់កាហ្សា។
តាមការប្រកាសរបស់លោក Antonio Guterres នៅថ្ងៃទី ១៥ខែតុលា ពលរដ្ឋនៅក្នុងតំបន់កាហ្សា កំពុងប្រឈមកង្វះទឹក អគ្គិសនីនិងអាហារចំបាច់សម្រាប់ពលរដ្ឋដែលរងគ្រោះដោយសង្គ្រាម អុីស្រាអែល និងហាម៉ាស់។ លោកបញ្ជាក់ទៀតថា ថ្នាំពេទ្យ ថាមពល អាហារនៅក្នុងឃ្លាំងក្នុងប្រទេស អេហ្ស៊ីប ហ្សកដង់ …អាចបញ្ជូនទៅកាន់តំបន់កាហ្សាក្នុងពេលប៉ុន្មានម៉ោង ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានព្រមានថា សង្រ្គាមរវាងអ៉ីស្រាអែល នឹងក្រុមហាម៉ាស់ អាចនឹងរាលដាលទៅជាសង្រ្គាមទ្រង់ទ្រាយធំមួយនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដោយបារម្ភថា ក្រុមហេសប៊ូឡាហ៍លីបង់ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែកអាចនឹងបើកការវាយប្រហារលើភាគខាងជើងអ៉ីស្រាអែល ឬអាចមានការចូលរួមពីអ៉ីរ៉ង់។
លោក Jake Sullivan ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS ចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក Sullivan បានគូសបញ្ជាក់ថា វាពិតជាមានហានិភ័យនៃការផ្ទុះទៅរាលដាលទៅជាសង្រ្គាមទ្រង់ទ្រាយធំ នោះគឺការបើកសមរភូមិសង្រ្គាមទី២ នៅភាគខាងជើងអ៉ីស្រាអែល ឬអាចមានការចូលរួមពីអ៉ីរ៉ង់។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះបន្តថា សហរដ្ឋអាមេរិកក៏កំពុងពិចារណាផងដែរពីជំនួយយោធាសម្រាប់អ៉ីស្រាអែលនិងអ៊ុយក្រែន ដោយលោក ចូ បៃដិន មានគម្រោងបង្កើនកិច្ចពិភាក្សាស្ដីពីកញ្ចប់ថវិកាជំនួយនេះជាមួយសភាទាំង២របស់សហរដ្ឋអាមេរិក។
បើតាមលោក Sullivan សហរដ្ឋអាមេរិកមិនមែនកំពុងលូកដៃចូលក្នុងផែនការយោធារបស់អ៉ីស្រាអែលនោះទេ បើទោះជាមន្ទីរបញ្ចកោណបានបង្កើនការដាក់ពង្រាយនាវាចម្បាំងនិងយន្ដហោះចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ាក៏ដោយ៕ ដោយ៖ ធីរីណា

រូប​ថត​៖ AFP


ចែករំលែក៖