ព័ត៌មានទាន់ហេតុការណ៍៖

បែលហ្ស៊ិកព្រមានអំពីអំពើភេរវកម្ម បន្ទាប់ពីពលរដ្ឋស៊ុយអែត២នាក់ត្រូវបានបាញ់សម្លាប់នៅទីក្រុងប្រ៊ុចសែល

ចែករំលែក៖

នៅព្រឹកថ្ងៃទី 17 ខែតុលា សារព័ត៌មាន Reuters បានផ្សាយថា ប្រទេសបែលហ្ស៊ិកបានបង្កើនការប្រកាសអាសន្នពីភេរវកម្មដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីពលរដ្ឋស៊ុយអែតពីរនាក់ត្រូវបានបាញ់សម្លាប់នៅតំបន់កណ្តាលទីក្រុងប្រ៊ុចសែល និងបុរសម្នាក់ដែលអះអាងថាជាសមាជិកនៃអង្គការរដ្ឋអ៊ិស្លាម ( IS) បានទទួលខុសត្រូវក្នុងវីដេអូដែលបានបង្ហោះតាមអុីនធឺណិត ។

ជនសង្ស័យដែលត្រូវបានគេកំណត់អត្តសញ្ញាណ មានឈ្មោះ Abdesalem Al Guilani បានអះអាងក្នុងវីដេអូលើបណ្ដាញសង្គមថា គាត់ជាអ្នកប្រយុទ្ធដើម្បីព្រះអាឡោះ។ បុរសម្នាក់នេះបានរត់គេចពីកន្លែងកើតហេតុបន្ទាប់ពីការបាញ់ប្រហារនៅពេលដែលការប្រកួតបាល់ទាត់រវាងបែលហ្សុិក នឹងស៊ុយអែតជិតចាប់ផ្តើម។
រដ្ឋអាជ្ញាសហព័ន្ធរបស់ប្រទេសបែលហ្ស៊ិក បាននិយាយថា ជនរងគ្រោះទី 3 ដែលជាអ្នកបើកតាក់ស៊ីបានរងរបួស ប៉ុន្តែមិនស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិតនោះទេ ។ មិនមានភស្តុតាងដែលបង្ហាញថា អ្នកវាយប្រហារមានទំនាក់ទំនងណាមួយទៅនឹងជម្លោះនាពេលថ្មីៗនេះ រវាងអុីស្រាអែលនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់។ .
មន្ត្រីបែលហ្ស៊ិកក៏បានជំរុញអ្នកស្រុកប៊្រុចសែលឱ្យនៅក្នុងផ្ទះរហូតដល់ការគំរាមកំហែងចប់។
ចែករំលែកអំពីឧបទ្ទវហេតុនេះ នាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Alexander de Croo បានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X (Twitter) ថាជនរងគ្រោះគឺជាជនជាតិស៊ុយអែត។ “ខ្ញុំគ្រាន់តែផ្ញើការរំលែកទុក្ខដ៏ស្មោះស្ម័គ្ររបស់ខ្ញុំទៅកាន់នាយករដ្ឋមន្រ្តីស៊ុយអែតបន្ទាប់ពីការវាយប្រហារដ៏សោកសៅនៅយប់នេះទៅលើពលរដ្ឋស៊ុយអែតនៅទីក្រុងប្រ៊ុចសែល។ ក្នុងនាមជាដៃគូជិតស្និទ្ធ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគឺជាការប្រយុទ្ធរួមគ្នា” លោក de Croo សរសេរនៅលើ X។
ទន្ទឹមនឹងនេះ បើយោងតាមនាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson ជនជាតិស៊ុយអែតទាំងអស់នៅបែលហ្ស៊ិកនឹងទទួលបានសារមួយផ្ញើទៅកាន់ទូរស័ព្ទរបស់ពួកគេ ដោយជំរុញឱ្យពួកគេមានការប្រុងប្រយ័ត្ន និងធ្វើតាមការណែនាំពីអាជ្ញាធរបែលហ្ស៊ិក។
ថ្លែងទៅកាន់ Reuters រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស៊ុយអែត Gunnar Strommer បានបញ្ជាក់ថា ការិយាល័យរដ្ឋាភិបាលស៊ុយអែត និងភ្នាក់ងារពាក់ព័ន្ធកំពុងធ្វើការយ៉ាងសកម្មដើម្បីទទួលបានព័ត៌មានបន្ថែមអំពីអ្វីដែលបានកើតឡើង។
មន្ត្រីរូបនេះក៏បាននិយាយដែរថា រដ្ឋាភិបាលស៊ុយអែតបានទាក់ទងទៅអាជ្ញាធរបែលហ្ស៊ិកដើម្បីស្វែងរកព័ត៌មានបន្ថែម។ អ្វីដែលបានកើតឡើងនៅខាងក្រៅទីលានបាល់ទាត់ក៏បណ្តាលឱ្យការប្រកួតជម្រុះ EURO 2024 ដ៏សំខាន់រវាងបែលហ្ស៊ិក នឹងស៊ុយអែត រងផលប៉ះពាល់យ៉ាងខ្លាំង។ ទីលានបាល់ទាត់ត្រូវបានបិទក្នុងស្ថានភាពគ្មានច្រកចេញ។ ក្រោយចប់តង់ទី១ នៅពេលដែលលទ្ធផលស្មើគ្នា ១-១ កីឡាករមកពីភាគីទាំងសងខាងបានព្រមព្រៀងគ្នាមិនព្រមចូលលេងក្នុងតង់ទី២ អ្នកគាំទ្រនៅតែត្រូវស្នាក់នៅរយៈពេលយូរ មុននឹងចាកចេញដោយសេរី នៅកីឡដ្ឋាន King Baudouin៕ ដោយ៖ ធីរីណា

រូប​ថត​៖ hanoimoi.vn


ចែករំលែក៖