ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ រកឃើញយានយន្តល្មើសចំនួន ៣០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានគូសបញ្ជាក់ថា ចំនួនគោលដៅសរុប ១៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៨២គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ០៧គ្រឿង និងម៉ូតូ ១៧៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣០គ្រឿង (៣០ករណី) រថយន្តធំ ០១គ្រឿង រថយន្តតូច ០៧គ្រឿង (០៧ករណី) និងម៉ូតូចំនួន ២២ គ្រឿង (២២ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ។
ជាមួយគ្នានោះ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៦ ខែតុលានេះដែរ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ និងស្រាល១១នាក់។ ចំពោះមូលហេតុដែលបណ្ដាលឱ្យកើត មានក្នុងករីណគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង និងមិនគោរពសិទ្ធិ៕
ដោយ៖ សហការី