ភ្នំពេញ៖ ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ជា អាទិភាពលើចីរភាពបរិស្ថាន ដោយមានចែងនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាលក្ខខណ្ឌចម្បងមានចែងក្នុងបាវចនា «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព»។
ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាព និងដើម្បីការអភិវឌ្ឍដោយចីរភាព រួមមាន៖
១) ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌អប់រំណែនាំ និងចុះកិច្ចសន្យា ហើយដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។
២) ក្រសួងបរិស្ថាន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដី ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំប ន់ការពារធម្មជាតិ។
៣) សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក។
និង៤)ការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញការដាំស្តាព្រៃឈើ ជាទិស ដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជ រដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ការអភិរក្សជីវចម្រុះដោយចីរភាព។តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា នឹងធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤។
បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍ និងជំរុញឱ្យគ្រប់អង្គការដៃគូក្នុង និងក្រៅស្រុកទាំងអស់ រួមចំណែកការងារអាទិភាពរបស់ក្រសួង ក្នុងនោះរាប់បញ្ចូលទាំងការដាំឬស្សី ដាំដើមត្នោត ឈានទៅសម្រេចទិសដៅរួម ជួយពង្រីកវិសាលភាពគម្របព្រៃ ឈើ និងជាពិសេសលើកទឺកចិត្តដល់ប្រជាពលរដ្ឋ ដែល ចង់ចូលរួមចំណែកក្នុងការពារនិងអភិរក្សព្រៃឈើបង្កើន ជីវភាពប្រជាជន និងបានរួមចំណែកដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាសកលលើការប្រែប្រួលអាកាសធាតុ៕
ដោយ៖ សូរិយា