ខេត្តបន្ទាយមានជ័យ៖ ផ្ទះពលរដ្ឋផ្នែកខាងក្រោមទឹក បន្តមានជំនន់ជន់លិចសរុបជិត៥ពាន់គ្រួសារ និងជម្លៀស២៣២គ្រួសារ បន្ទាប់ពីទឹកជំនន់ផ្នែកខាងលើបានស្រករហូតមកគិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរីបានប្រាប់ថា៖ នៅស្រុកមង្គលបុរីរងផលប៉ះពាល់ដោយទឹកជំនន់លិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋ និងដំណាំកសិកម្មមាន៨១ភូមិស្មើនឹង៣,៦៨១គ្រួសារ មានមនុស្ស១៦,០១៩នាក់ ស្រី៨,១៥៦នាក់ និងជម្លៀសរកទីទួលសុវត្ថិភាព១៤១គ្រួសារ ដែលលិចលង់ទាំងស្រុងស្មើ៥៥៥នាក់ស្រី២៨០នាក់និងកុមារ១១២នាក់ លិចស្រូវ៣,១៤៦ហិកតាលិចផ្លូវ៩០ខ្សែប្រវែង៧៣,២៩៤ម៉ែត្រ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា៖ ក្រុងសិរីសោភ័ណរងផលប៉ះពាល់ដោយទឹកជំនន់លិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋនិងដំណាំកសិកម្មមាន២៦ភូមិ ស្មើ១,០១០គ្រួសារ ស្មើ៩៧២ខ្នងផ្ទះនិងមនុស្ស៤,១០៧នាក់ ស្រី២,១០៩នាក់ និងជម្លៀសរកទីទួលសុវត្ថិភាព៩១គ្រួសារដែលលិចលង់ទាំងស្រុងស្មើ៤១៦នាក់ស្រី២១៩នាក់ លិចស្រូវ៤៤១ហិកតា លិចផ្លូវ៦៦ខ្សែប្រវែង៣៣,៦១៩ម៉ែត្រ។
លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ នៅខេត្តបន្ទាយមានជ័យមាន២ស្រុក/ក្រុងដែលរងផលប៉ះពាល់ដោយទឹកជំនន់ ហើយរងផលប៉ះពាល់ធ្ងន់ធ្ងរគឺស្រុកមង្គលបុរី ហើយពេលនេះទឹកនៅផ្នែកខាងលើបានស្រកជាបណ្តើរៗហើយ នៅឃុំសឿ ឃុំចំណោម និងកំពុងស្រុងមកលិចឃុំរហាត់ទឹក និងឃុំបត់ត្រង់ ហើយនៅក្រុងសិរីសោភ័ណស្ថានភាពទឹកស្រុកបន្តិចតែកំពុងលិចតទៅផ្នែកខាងក្រោមដែលកំពុងប្រឈមប៉ះពាល់បន្តជន់លិចលង់ជាបណ្តើរៗហើយ៕
ដោយ ៖ វណ្ណា