ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំប្រតិភូត្រឡប់មកកម្ពុជាវិញ​ ប្រកបដោយសុវត្ថិភាព​ ក្រោយបញ្ចប់ការចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៤១ នៅប្រទេសឡាវ

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើមាតុភូមិនិវត្តមកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព​ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ បន្ទាប់ពី​បញ្ចប់ការចូលរួមក្នុងសន្និសីទអាស៊ានណាប៉ូល លើកទី៤១ (The 41st ASEANAPOL CONFERENCE) ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសន្តិសុខ» នៅរដ្ឋធានីវៀងច័ន្ទ។

ការអញ្ជើញចូលរួមនេះ ធ្វើឡើងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងតបតាមការអញ្ជើញរបស់ក្រសួងសន្តិសុខសាធារណៈឡាវ និងដោយផ្អែកតាមកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន។

សូមជម្រាបជូនថា​ លោកនាយឧត្តមសេនីយ៍ ស ថេត ក្នុងនាមជាប្រធានសន្និសីទអាស៊ានណាប៉ូល លើកទី៤០ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបើកសន្និសីទអាស៊ានណាប៉ូល លើកទី៤១ (The 41th ASEANAPOL CONFERENCE) ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសន្តិសុខ» នៅមជ្ឈមណ្ឌលសន្និបាតជាតិ រដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ថ្ងៃទី១៦-២០ ខែតុលា​ ឆ្នាំ២០២៣ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងមានការចូលរួមពីបណ្តាប្រទេសជាសមាជិក ដៃគូពិភាក្សា និងអ្នកសង្កេតការណ៍។

ក្នុងអំឡុងពេលបំពេញបេសកកម្មនៅប្រទេសឡាវ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងប្រធានប្រតិភូបណ្តាប្រទេសជាសមាជិក បានអញ្ជើញចូលជួបសម្តែងការគួរសម លោក សនសៃ ស៊ីផាន់ដន (Sonexay Sinphadone) នាយករដ្ឋមន្រ្តីឡាវ នៅរដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។

នាឱកាសនោះដែរ​ លោក​អគ្គស្នងការនគរបាលជាតិ​ ក៏ឆ្លៀតពេលដើម្បីជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភថវិកាជូនមន្រ្តីនគរបាលជាតិកម្ពុជា ចំនួន៤រូប ដែលកំពុងសិក្សាជំនាញអក្សរសាស្រ្តឡាវ នៅទីនោះ៕

ដោយ​៖ សហការី​


ចែករំលែក៖