ភ្នំពេញ៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះថា៖ ស្ថានភាពទេសចរណ៍នៅកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ គឺនៅមានកម្រិតនៅឡើយ បើទោះជាតួលេខនៃចំនួនភ្ញៀវទេសចរនៅកម្ពុជាមានការកើនឡើងក៏ដោយ ព្រោះភ្ញៀវបរទេសដែលចូលមកកម្ពុជាមិនមែនសុទ្ធតែមកដើរកម្សាន្តទាំងអស់នោះទេ គឺភ្ញៀវខ្លះមកកម្ពុជាដើម្បីបំពេញការងារ ទស្សនកិច្ចសិក្សា និងការធ្វើធុរកិច្ចជាដើម ដូចនេះអាជីវកម្មទេសចរណ៍មួយចំនួននៅមានសភាពស្ងប់ស្ងាត់។
លោកស្រីប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជារូបនេះ បានលើកឡើងថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២៣ មកទល់ពេលនេះ កម្ពុជាបានទទួលរងនូវអាកាសធាតុមិនប្រក្រតី គឺមានភ្លៀងធ្លាក់ជាហូរហែរ ដែលជាឧបសគ្គមួយក្នុងការធ្វើដំណើរកម្សាន្ត ហើយរមណីយដ្ឋានអង្គរដែលធ្លាប់តែទទួលបានភ្ញៀវច្រើនកុះករក៏នៅតែមានសភាពស្ងប់ស្ងាត់ជាងមុន ជាពិសេសភ្ញៀវចិនគឺកម្ពុជាមិនទាន់ទទួលបានច្រើននៅឡើយទេក្នុងលក្ខណៈទេសចរណ៍។
ទោះជាយ៉ាងណាក៏ប្រធានសមាគមរូបនេះនៅតែមានក្ដីសង្ឃឹមថា វិស័យទេសចរណ៍កម្ពុជានឹងអាចងើបឡើងវិញជាបន្តបន្ទាប់ ជាពិសេសខេត្តសៀមរាបដែលធ្លាប់ជាខេត្តមួយទទួលបានភ្ញៀវទេសចរយ៉ាងច្រើន ទាំងភ្ញៀវជាតិនិងអន្តរជាតិ នឹងមានសភាពអ៊ូអរឡើងវិញនាពេលឆាប់ៗ ព្រោះនាពេលថ្មីៗនេះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានបើកដំណើរជាផ្លូវការ ហើយសមិទ្ធិផលថ្មីនេះនឹងក្លាយជាទ្រព្យដ៏សំខាន់ក្នុងការទាក់ទាញទេសចរសម្រាប់ខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។
លោកស្រីប្រធានសមាគមរូបនេះ ក៏បានបញ្ជាក់បន្ថែមថា ភ្ញៀវទេសចរបរទេសដែលចូលមកកម្សាន្តនៅកម្ពុជា ភាគច្រើនគឺបានទិញកញ្ចប់ទស្សនកិច្ច ព្រោះការទិញកញ្ចប់ទស្សនកិច្ចអាចផ្តល់ជូនភ្ញៀវនូវការទស្សនាតំបន់ទេសចរណ៍នីមួយៗបានគ្រប់ជ្រុងជ្រោយ ផ្តល់ព័ត៌មានច្បាស់លាស់ពីតំបន់ទេសចរណ៍ ចំណេញពេលវេលានិងថវិកា ជាពិសេសភ្ញៀវបានទៅកម្សាន្តនៅកន្លែងដែលមានគុណភាព សេវាកម្មល្អ និងទេសភាពស្រស់ស្អាត។
លេីសពីនេះទៅទៀត សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ដែលមានតួនាទីរៀបចំកញ្ចប់ទស្សនកិច្ចដល់ភ្ញៀវទេសចរអន្តរជាតិ នឹងយកឱកាសនេះត្រៀមខ្លួនរៀបចំខ្សែទស្សនកិច្ចថ្មី ដើម្បីធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែមានភាពទាក់ទាញពីមួយកម្រិតទៅមួយកម្រិត ក្នុងនោះបុគ្គលិកនៅក្នុងវិស័យទេសចរណ៍ ក៏ត្រូវទទួលការពង្រឹងសមត្ថភាពទាំងគុណភាព និងបរិមាណ ដើម្បីអាចសម្របបានទៅនឹងស្ថានភាពជាក់ស្តែងនាពេលអនាគត ព្រោះកំណើនទេសចរណ៍នៅកម្ពុជាគឺត្រូវតែកើនឡើង ទោះក្នុងកម្រិតទាបឬខ្ពស់ក៏ដោយ។
គួរបញ្ជាក់ថា កម្ពុជា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ ទទួលបានភ្ញៀវទេសចរជាង១៥លាននាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានប្រមាណ ១២,៣៨លាននាក់ កើនឡើង៦២,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ និងភ្ញៀវទេសចរអន្តរជាតិមានចំនួនជាង ៣,៥ លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២៕
ដោយ៖សហការី