ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងថ្ងៃដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះជីវិតបន្ទាប់ពីបុរសម្នាក់ឡើងយកទឹកត្នោត ចៃដន្យអាក្រក់ បាក់កាំបង្អោង របូតដៃ ធ្លាក់មកដីរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៩នាទី ថ្ងៃទី២០ខែតុលាឆ្នាំ២០២៣ ស្ថិត នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ព្រាប មុន្នី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរឡើងត្នោត មានទីលំនៅភូមិ ទួលអង្គប់ ឃុំសំបួរស្រុកស្វាយទាប ខេត្តស្វាយរៀង ។
តាមអ្នកភូមិបានឱ្យដឹងថា បុរសរងគ្រោះគឺមានមុខរបរឡើងត្នោត ដើម្បីយកទឹករំងាស់យកស្ករ ទុកលក់យូរឆ្នាំមកហើយ ក្នុងភូមិនេះដោយមុនកើតហេតុ គាត់បានចេញពីផ្ទះទៅយកទឹកត្នោតដូចសព្វរាល់ដងខណៈឡើងជិតដល់ចុងត្នោត មាន កំពស់៧ម៉ែត្រ ស្រាប់តែ បាក់កាំបង្អោងខាងឆ្វេង បណ្តាលឱ្យរបូតដៃ ធ្លាក់មកដល់ដី ទើបមានការភ្ញាក់ផ្អើលទាំងថ្ងៃដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះ ដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង៕
ដោយ៖ សុថាន