មន្ត្រីហ្វុីលីពីនបាននិយាយថា កប៉ាល់ឆ្មាំឆ្នេរសមុទ្រចិននិងកប៉ាល់កងជីវពលរបស់ប្រទេសនេះនៅថ្ងៃទី 22 ខែតុលា បានបុកកប៉ាល់ឆ្មាំឆ្នេរសមុទ្រនិងកប៉ាល់ផ្គត់ផ្គង់របស់យោធាហ្វុីលីពីននៅជិតតំបន់ Second Thomas Shoal ក្នុងសមុទ្រចិនខាងត្បូង។
ឆ្មាំសមុទ្រចិនបាននិយាយនៅថ្ងៃអាទិត្យ ទី២២ ខែតុលានេះថាខ្លួនបានធ្វើសកម្មភាពដោយស្របច្បាប់ ក្នុងការរារាំងទូករបស់ហ្វុីលីពីនដឹកសម្ភារសំណង់ខុសច្បាប់ទៅកាន់ខ្មោចនាវាចម្បាំងមួយគ្រឿងក្នុងតំបន់ថ្មប៉ប្រះទឹកមានវិវាទមួយនៃតំបន់សមុទ្រចិនខាងត្បូង។
ប៉ុន្មានខែមកនេះ ចិននិងហ្វុីលីពីន បានឈ្លោះប្រកែកគ្នាជាច្រើនលើក ក្នុងតំបន់សមុទ្រចិនខាងត្បូង ជាពិសេសគឺនៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal នៃទីប្រជុំកោះ Spratly តែម្ដង។ ហ្វុីលីពីន បានដឹកស្បៀងជាប្រចាំទៅឱ្យទាហានរបស់ខ្លួនដែលឈរជើងនៅលើខ្មោចនាវាចម្បាំងមួយគ្រឿង ចតទុកចោលក្នុងតំបន់មានវិវាទមួយនេះ ខណៈដែលឆ្មាំសមុទ្រចិនក៏តែងតែរារាំងបេសកកម្មផ្គត់ផ្គង់ឡើងវិញរបស់ហ្វុីលីពីនផងដែរ។
ហ្វុីលីពីននៅថ្ងៃអាទិត្យនេះដែរបានចោទប្រកាន់ថា សកម្មភាពបិទខ្ទប់របស់នាវាឆ្មាំសមុទ្រចិនបានបង្កទៅជាការបុកគ្នាជាមួយទូកដឹកស្បៀងផ្គត់ផ្គង់ឡើងវិញរបស់កងកម្លាំងប្រដាប់អាវុធហ្វុីលីពីន ដែលធ្វើដំណើរនាំយកស្បៀងទៅផ្គត់ផ្គង់ទាហានប្រចាំការនៅលើខ្មោចនាវាចម្បាំងមួយក្នុងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal៕ ដោយ៖ ធីរីណា
រូបថត៖ AP