ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករដឹកកសិផលចូលទៅប្រទេសវៀតណាម តាមច្រកទ្វារអូរយ៉ាដាវ រអ៊ូរទាំរឿងវៀតណាម បង្កភាពស្មុគស្មាញ

ចែករំលែក៖

ខេត្តរតនគិរី៖ ប្រជាកសិករខ្មែររអ៊ូរទាំ ចំពោះបញ្ហានៃការដឹកកសិកផលចូលទៅប្រទេសវៀតណាមត្រូវបានភាគីវៀតណាមបង្កបញ្ហាមិនឈប់ឈរ។ ក្នុងការដឹកជញ្ជូនកសិផលយកទៅលក់តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ទោះបីជាមានកិច្ចព្រមព្រៀងគ្នារវាងប្រទេសជិតខាងយ៉ាងណាក៏ដោយភាគីខាងវៀតណាមតម្រូវឲ្យកសិផលទាំងនោះមាន (CO) ដោយមានលិខិតបញ្ជាក់ថា កសិផលទាំងនោះដាំដុះ ក្នុងខេត្តណាខ្លះ មានប្រភេទអ្វីខ្លះ ក្នុងប្រទេសកម្ពុជា។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ សកម្មភាពនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មានភាពស្ងប់ស្ងាត់ (កសិផលដឹកចូលទៅវៀតណាម) មានតែសកម្មភាពរថយន្តធំៗ ដឹកទំនិញចេញពីវៀតណាម មកចូលកម្ពុជាតែប៉ុណ្ណោះ។

អ្នករកស៊ីដឹកកសិផលទៅវៀតណាម ឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដឹកបង្វែរទៅលក់ច្រកទ្វារអន្តរជាតិផ្សេងៗ ព្រោះមិនដឹងទៅរត់ការធ្វើបែបបទ (CO) នៅ ឯណាទេដោយហេតុថាពួកគេគ្មានក្រុមហ៊ុន ដោយគ្រាន់ តែអ្នករកស៊ីតូចតាចធម្មតាដើរទិញតាមចំការតាមបណ្តា ខេត្ត លក់បន្តយកចំណេញក្បាលកាក់តែប៉ុណ្ណោះ។

ពួកគាត់លើកឡើងស្រដៀងគ្នាថា ខាងខ្មែរដឹកកសិផលតិចតួច តាមរដូវទៅលក់នៅវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ, ភាគីវៀតណាមរឹតបន្តឹងខ្លាំងណាស់ តែសម្រាប់ភាគីវៀតណាមវិញ រថយន្តដឹកទំនិញទាំងខ្សែចូលដីខ្មែរ ដោយគ្មានឧបសគ្គអីទេ ហើយបើរថយន្តតាក់ ស៊ីវៀតណាម ដើរប្រមូលភ្ញៀវតាមក្រុមហ៊ុនដល់ខេត្ត ក្រចេះ,ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដល់គោលដៅតែម្តង ដោយគ្មានខ្វល់ពីរឿងប្រជាពលរដ្ឋខ្មែរ ប្រកបរបរដឹកភ្ញៀវដាច់ជើងទេ។

សមត្ថកិច្ចប្រចាំការនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃ ទី២៤តុលានេះ ថា ខាងភាគីវៀតណាម ពិតជាមានការរឹតបន្តឹងកសិផលដឹកចូលទៅវៀតណាមមែន ដោយពួក គេតម្រូវឲ្យមាន (CO)។  ប្រភពបន្តថា កសិផលអត់ មាន (CO) ដូចជាដំឡូងជ្វា ផ្លែល្ពៅខាងវៀតណាមរឹតបន្តឹង តែដូចជាដំឡូងមី ស្វាយចន្ទី ជាដើមមាន (CO) ខាងវៀតណាមមិនហាមឃាត់ទេ។

ទាក់ទិនករណីនេះ លោក ស៊ូ សិរី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី បានប្រាប់យ៉ាងខ្លីថា ខាងភាគីវៀតណាម គឺប្រកាន់កសិផលដឹកចូលត្រូវមាន (CO) ហើយរឿងរថយន្តក្រុមហ៊ុនដឹកទំនិញចូលទាំងខ្សែ និងរថយន្តក្រុង រថយន្តតាក់ស៊ី ចូលមកខ្មែរដឹក ជញ្ជូនភ្ញៀវដោយសេរីនោះ គឺថារដ្ឋាភិបាលយើងទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នា (MOU)។

លោកថា ក្នុងរយៈពេលថ្មីៗ វៀតណាមតម្រូវឲ្យអ្នកដឹកកសិផលមាន (CO) ទើបឲ្យចូលនោះ រូបលោកតំណាងឲ្យរដ្ឋបាលខេត្ត និងសមត្ថកិច្ចប្រចាំការច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខិតខំជួយសម្របសម្រួលឲ្យកសិផលអត់ (CO) ទាំងអស់ដឹកចូលទៅលក់វៀតណាម ដោយរលូនហើយ៕

ដោយ៖ សូរិយា


ចែករំលែក៖