ទីក្រុងណាននីង៖ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសសមាជិកអាស៊ានចំនួន៨ រួមមាន៖ កម្ពុជា ថៃ ឡាវ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងមីយ៉ាន់ម៉ា ត្រូវបានរៀបចំបំពេញទស្សនកិច្ចនៅខេត្តក្វាងស៊ី ដើម្បីបង្ហាញពីការអភិវឌ្ឍឧស្សាហកម្ម និងទេសចរណ៍របស់ខេត្ត។ ហើយខេត្តក្វាងស៊ី គឺជាខេត្តដែលមានវប្បធម៌ដ៏ចំណាស់មួយរបស់ប្រទេសចិន ហើយវប្បធម៌ ប្រពៃណី ទំនៀបទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តនេះ បានសាបព្រោះទៅកាន់ប្រជាពលរដ្ឋ ក្នុងប្រទេសសមាជិកអាស៊ានកាលពីសម័យបុរាណជាច្រើន។ ខណៈវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់នេះ គឺជាឫស្សគល់អត្តសញ្ញាណដ៏សំខាន់របស់ជាតិសាស្ត្រ នៅតាមតំបន់នីមួយៗផងដែរ។
នាឱកាសនោះ លោក ជួន ចាន់ភារុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូសារព័ត៌មានរបស់កម្ពុជា ក៏ដូចជាអ្នកសារព័ត៌មានមកពីប្រទេសសមាជិកអាស៊ានដទៃទៀត ត្រូវបានអាជ្ញាធរខេត្តក្វាងស៊ី រៀបចំឱ្យទស្សនកិច្ចនៅសារមន្ទីរស្គរ និងតំបន់ទេសចរណ៍ថ្មើរជើងមួយកន្លែងទៀតដែលមានឈ្មោះថា «Three Streets and Two Lanes»។ កន្លែងទាំងពីរនេះ ជាតំបន់ទេសចរណ៍ផ្នែកវប្បធម៌ដ៏ល្បាញល្បីនៅក្នុងក្រុងណាននីង ហើយក៏ជាកន្លែងទេសចរណ៍ដ៏មានប្រជាប្រិយភាពសម្រាប់ពលរដ្ឋក្នុងក្រុងណាននីង ក៏ដូចជាខេត្តក្វាងស៊ីផងដែរ។
ជាក់ស្ដែងចំពោះសារមន្ទីរស្គរ មិនត្រឹមតែជាសារមន្ទីរប្រមូលផ្តុំ និងសិក្សាពីវប្បធម៌របស់ជនជាតិភាគតិចនោះទេ សារមន្ទីរនេះក៏ជាទីតាំងតែមួយគត់ដែលមាននូវស្គរស្ពាន់តំណាងនូវអំណាចច្រើនជាងគេក្នុងពិភពលោក។
តាមរយៈការប្រារព្ធខួប ៥០ ឆ្នាំនៃតំបន់ស្វយ័តជនជាតិជួង ខេត្តក្វាងស៊ីកាលពីឆ្នាំ២០០៨ រដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យសង់សារមន្ទីរជនជាតិភាគតិចរបស់ចិនដ៏ធំមួយចំកណ្តាលក្រុងណាននីង ក្វាងស៊ី ដើម្បីបើកឱ្យទេសចរជាតិ និងអន្ដរជាតិចូលទស្សនាដោយឥតគិតថ្លៃ ព្រមទាំងបានស្វែងយល់នូវវប្បធម៌ អរិយធម៌របស់ជនជាតិភាគតិចពាក់ព័ន្ធនឹងការប្រើប្រាស់ស្គរតំណាងនាសម័យនោះ។
សារមន្ទីរស្គរយក្សនេះស្ថិតនៅលើមាត់ទន្លេយ៉ុងយ៉ាង ខាងត្បូងភ្នំឈីងស៊ូសង់លើផ្ទៃដីជាង៨,៦៦៧ ម៉ែត្រការ៉េ និងមានអគារ ៤ជាន់ហើយត្រូវបានបើកដំណើរការជាផ្លូវការនៅឆ្នាំ២០០៩។ គោលបំណងចម្បងនៃសារមន្ទីរស្គរយក្សមួយេនះ គឺប្រមូលផ្តុំសិក្សាអភិរក្សនិងផ្សព្វផ្សាយពីវប្បធម៌របស់ជនជាតិភាគតិចចំនួន១២អម្បូរដែលរស់នៅប្រទេសចិនប៉ែកអាស៊ីភាគអាគ្នេយ៍។
អគារពិព័រណ៍នេះមាន ៦សាលពិព័រណ៍ធំៗ រួមមានសាលវប្បធម៌ស្គរស្ពាន់ដែលធំនិងចាស់ ហើយមានច្រើនជាងគេក្នុងប្រទេសចិន ទីពីរសាលពិព័រណ៍នៃភាពចម្រុះវប្បធម៌ប្រពៃណីជីវភាពរស់នៅជនជាតិភាគតិចដូចជាជនជាតិជួង មៀវ យ៉ាវ តុង ហ្វុយ ឈីង សួយ អ៊ី កឺឡាវ៊ី មុឡាន និងម៉ៅតានជាដើម។
នៅសារមន្ទីរនេះ បានបង្ហាញស្គរស្ពាន់ដ៏ចំណាស់ ដែលខ្លះមានអាយុកាលតាំងពីសតវត្សរ៍ទី១ នៃគ.ស ដល់សតវត្សរ៍ទី ៤ ទៅ ៧។ ស្គរត្រូវបានប្រជាពលរដ្ឋចិនចាត់ទុកជាតំណាងដ៏សំខាន់របស់មេកន្ទ្រាញ និងមេដឹកនាំប្រើដើម្បីនាំនូវភាពជោគជ័យ។ ស្គរក្នុងសាលពិព័រណ៍មានក្បូរក្បាច់រចនាផ្សេងៗគ្នា និងមានអត្ថន័យខុសៗពីគ្នាក្នុងនោះជនជាតិជួងក៏បានឆ្លាក់រូបកង្កែបនៅលើស្គរដែលជានិមិត្តរូបមួយបង្ហាញថាសត្វកង្កែបជាសត្វស្លូតល្អ និងនាំសំណាងគឺទឹកភ្លៀងដ៏ត្រជាក់ត្រជុំ។
ក្រៅតែពីបង្ហាញស្គរដែលជាវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនៅខេត្តក្វាងស៊ីហើយនោះ ក្នុងសារមន្ទីរនេះ ក៏មានបង្ហាញពីវប្បធម៌រស់នៅ ការស្លៀកពាក់ ការនេសាទត្រី និងការធ្វើស្រែ ដែលជាភាពប៉ិនប្រសប់មួយរបស់ជនជាតិភាគតិចនៅក្នុងខេត្តក្វាងស៊ីនេះ។ បន្ថែមពីលើនេះ ជនជាតិដើមភាគតិចនៅក្នុងខេត្តក្វាងស៊ីនេះ ក៏ចេះត្បាញ់ក្រណាត់ច្នៃជាសម្លៀកបំពាក់ថែមទៀតផង។ អ្វីដែលគេកត់សម្គាល់នោះ ការស្លៀកពាក់ សម្ភារៈប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ឧបករណ៍តន្ត្រី ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងរបរធ្វើស្រែ គឺលក្ខណៈស្រដៀងគ្នាច្រើន ទៅនឹងប្រទេសសមាជិកអាស៊ាន។ តាមរយៈភាពភាពស្រដៀងគ្នាលើវប្បធម៌ទាំងអស់នោះហើយ ដែលនាំឱ្យគេសន្និដ្ឋានថា ពលរដ្ឋខេត្តក្វាងស៊ីរបស់ចិន មានទំនាក់ទំនាក់ទំនង់យ៉ាងជិតស្និទ្ធជាមួយប្រជាជាតិនៅតំបន់អាស៊ីអាគ្នេយ៍តាំងពីយូរលង់ណាស់មកហើយ។
ជាមួយគ្នានោះ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសសមាជិកអាស៊ាន ក៏ត្រូវបានទៅកាន់វិថីទេសចរណ៍ ដែលមានឈ្មោះថា «Three Streets and Two Lanes» ដោយវិថីទេសចរណ៍មួយនេះ គឺនៅកណ្តាលក្រុងណាននីងនេះ ទទួលបានការចាប់អារម្មណ៍ខ្ពស់សម្រាប់អ្នកទេសចរក្នុងស្រុកទៅដើរលេងកម្សាន្ត។ តំបន់ទេសចរណ៍មួយនេះ មានប្រវត្តជាប់ទាក់ទងជាមួយរជ្ជកាលនៃព្រះចៅអធិរាជរបស់ចិនជាច្រើន រួមមានរជ្ជកាលសុង រជ្ជកាលឈីង និងរជ្ជកាលហានផងដែរ។
តំបន់នេះប្រមូលផ្តុំទៅដោយអគារចាស់ៗបុរាណ ហើយក៏មានអគារខ្លះត្រូវបានជួសជុលឡើងវិញផងដែរ។ នៅទីតាំងនេះ ក៏មានការរំលេចនូវប្រវត្តិសាវតារជាច្រើនពាក់ព័ន្ធវប្បធម៌នៃការរស់នៅរបស់ប្រជាពលរដ្ឋ។ បច្ចុប្បន្នតំបន់នេះ បានក្លាយទៅជាវិថីលក់ម្ហូបអាហារក្នុងស្រុក និងអាហារប្រេនមកពីលោកខាងលេច ដូចជា starbucks KFC និងការ៉េម Dairy Queen ជាដើម។
គួរជម្រាបជូនដែរថា ប្រទេសចិន សម័យបច្ចុប្បន្នបើទោះបីគិតគូរខ្ពស់លើការកសាងសេដ្ឋកិច្ចឱ្យចម្រើនលូតលាស់យ៉ាងណាក្តី តែពួកគេក៏បានយកចិត្តទុកដាក់ខ្ពស់ទៅលើការរៀបចំ និងចងក្រងនូវប្រវត្តិវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋរបស់គេពីបុរណាទៅតាមតំបន់នីមួយៗ។ ពួកគេក៏បានប្រែក្លាយតំបន់វប្បធម៌ ដែលរៀបចំទាំងនោះទៅជាកន្លែងទេសចរណ៍សម្រាប់ទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាកន្លែងសិក្សារៀនសូត្រឈ្វេងយល់របស់សិស្ស និស្សិតចិនទៅលើប្រវត្តិវប្បធម៌របស់ខ្លួនផងដែរ។ បន្ថែមពីលើនោះ ចិន ក៏បានប្រឹងប្រែងផ្សព្វផ្សាយពីវប្បធម៌របស់ពួកគេទៅកាន់ពិភពខាងក្រៅផងដែរ៕
ដោយ៖ ស តារា