ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ នាវាទេសចរណ៍អន្តរជាតិខ្នាតធំ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបចំនួន ៨២២នាក់ មានដល់ទៅ ២៣សញ្ជាតិ និងនាវិកចំនួន៤៦៧នាក់ មានដល់ទៅ ៣០សញ្ជាតិ សរុប១,២៨៩នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១យប់ ១ថ្ងៃ។
របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។
សូមជម្រាបថា នាវាទេសចរណ៍អន្តរជាតិ VIKING ORION នាវាសញ្ជាតិ NORWAY នាវានេះមានបណ្តោយ ២២៨,៣០ម៉ែត្រ ទទឹង ២៨,៨០ម៉ែត្រ ជំរៅទឹក ៦,៦៥ម៉ែត្រ មកពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័ត អន្តរជាតិខេត្តព្រះសីហនុ និងចាកចេញត្រឡប់ទៅប្រទេសវៀតណាម នៅវេលាម៉ោង២០និង០០នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
គូសជម្រាបជូនថា គោលដៅសំខាន់ៗដែលភ្ញៀវទៅទស្សនាកម្សាន្តរួមមាន៖ វត្តលើ, វត្តក្រាម, វត្តរសមាធិផ្សារលើ, សួនឯករាជ្យ, ឆ្នេរឯករាជ្យ, ឆ្នេរអូរឈើទាល, កោះរាជបុត្រ, ទំនប់រលក និងផ្ទះអ្នកភូមិនៅផ្លូវទៅព្រែកត្របែកក្នុងខេត្តព្រះសីហនុ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច