សារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃពុធនេះថា ចំនួនមនុស្សដែលរស់នៅក្នុងការផ្លាស់ទីលំនៅដោយបង្ខំនៅជុំវិញពិភពលោកបានកើនឡើងលើសពី ១១៤ លាននាក់ ដែលជាតួលេខកំណត់ត្រាខ្ពស់បំផុតមួយ។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គិតត្រឹមចុងខែកញ្ញា ចំនួនមនុស្សផ្លាស់ទីលំនៅដោយសារតែសង្រ្គាម ការធ្វើទុក្ខបុកម្នេញ អំពើហិង្សា និងការរំលោភសិទ្ធិមនុស្សនៅទូទាំងពិភពលោក ទំនងជាមានលើសពី ១១៤ លាននាក់»។
UNHCR បានគូសបញ្ជាក់ទៀតថា កត្តាជំរុញសំខាន់ៗនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ គឺជម្លោះនៅអ៊ុយក្រែន ស៊ូដង់ មីយ៉ាន់ម៉ា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ព្រមទាំងវិបត្តិមនុស្សធម៌ដែលអូសបន្លាយក្នុងប្រទេសអាហ្វហ្គានីស្ថាន និងសូម៉ាលីដែលប្រឈមនឹងគ្រោះរាំងស្ងួត ទឹកជំនន់ និងអសន្តិសុខផងដែរ៕
ដោយ៖ ធីរីណា