ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឲ្យលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកក្រុមហ៊ុនមីនីបៀ(Minebea) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា ៖ កាលពីម្សិលមុិញ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានបក្សដ៏មានអំណាចនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារចេញពីវិមាន៧មករានៅព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣នេះថា កម្ពុជាមិនអាចទទួលយកបាន និងមិនអត់ឱនឱ្យនយោបាយជ្រុលនិយមដែលនាំឱ្យកើតមានបដិវត្តន៍ពណ៌នៅកម្ពុជានោះទេ។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន ២៧ផ្សេងទៀត នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានប្រារព្ធធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ បានអំពាវនាវឲ្យបណ្តាគណបក្សយោបាយទាំងអស់ ចូលរួមទប់ស្កាត់នូវនយោបាយ ឬចលនាជ្រុលនិយមនេះ និងអំពាវនាវដល់បណ្តាគណបក្សទាំងអស់ អប់រំសមាជិករបស់ខ្លួន ដើម្បីកម្ចាត់នូវចលនាជ្រុលនិយម។
សម្ដេចថា៖ «យើងមិនត្រូវអត់ឱនដល់ក្រុមណាក៏ដោយ បក្សណាក៏ដោយដែលចង់បំផ្លាញសន្តិភាពរបស់ប្រទេស។ អ្វីដែលយើងទាមទារនៅពេលនេះ គឺកម្លាំងជាតិ និងកម្លាំងបក្សនយោបាយ ដែលចូលរួមក្នុងកិច្ចព្រមព្រៀងសម្ព័ន្ធភាពនេះ គឺត្រូវការពារសន្តិភាព ឲ្យខាងតែបាន»។
ជាមួយគ្នានេះសម្ដេចក៏បានផ្ញើសារមិនត្រូវអត់អោនចំពោះចលនាដែលចង់ផ្ដួលរំលំរដ្ឋាភិបាល ៩វិច្ឆិកា ឆ្នាំ២០១៩ ផងដែរ។
សម្ដេចថា៖ «ចលនា ៩វិច្ឆិកា វាជាអំពើក្បត់ជាតិដ៏ធំ ដែលយើងមិនអាចអត់ឱនទេ តុលាការនៅតែបន្តកាត់ទោសក្រុមនេះ តើការបំផុសឱ្យមនុស្ស ឱ្យកងកម្លាំងប្រដាប់អាវុធ ផ្តួលរំលំរាជរដ្ឋាភិបាល ហើយឈានមកចាប់នាយករដ្ឋមន្រ្តី តើនេះជាសិទ្ធិបញ្ចេញមតិ ឬជាការប្រកាសសង្គ្រាម?»។
គួររម្លឹកផងដែរថា ចលនា ៩ វិច្ឆិកា ឆ្នាំ២០១៩ ជាចលនារបស់ទណ្ឌិត សម រង្ស៊ី ក្នុងចេតនាប្រមូលផ្ដុំអ្នកគាំទ្រខ្លួនឱ្យងើបឡើងប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ដោយការអំពាវនាវនោះក៏បានអំពាវនាវដល់កងទ័ពឱ្យចូលរួមជាមួយចលនានេះផងដែរ ទោះជាយ៉ាងណាត្រូវបានរដ្ឋាភិបាលទប់ស្កាត់ថែរក្សាស្ថេរិភាពបានដល់សព្វថ្ងៃ៕
ដោយ ៖ សហការី