ខេត្តព្រះវិហារ ៖ កម្ពុជាបានបដិសេធសំណើរបស់ភាគីថៃ ស្នើសុំដើរល្បាតលើផ្លូវរួមជាមួយកម្ពុជា ហើយបោះ បង់ចោលផ្លូវរបស់ខ្លួនធ្លាប់ដើរល្បាតកន្លងមក។ ការបដិសេធរបស់ភាគីយោធាកម្ពុជានេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣ចុងសប្តាហ៍ នៅព្រំដែនច្រកអានសេះស្ថិតនៅស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ មានកិច្ចជំនួបមួយ រវាងថ្នាក់ដឹកនាំកងទ័ពកងពលធំ របស់កម្ពុជា និងថ្នាក់ដឹកនាំកងទ័ព កងកម្លាំងស៊ុរៈណារីថៃ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ណាត់ ស៊ីអ៊ីន មេបញ្ជាការ កងកម្លាំង ស៊ុរៈណារី របស់ភាគីថៃ ខាងកម្ពុជាលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣។
នៅក្នុងការជំនួបនោះ ភាគីថៃចង់ឲ្យខាងកម្ពុជាឯកភាព ឲ្យកងទ័ពរបស់ខ្លួនមានវត្តមានដើរល្បាតរួមគ្នា នៅលើផ្លូវល្បាតដែលខាងកម្ពុជាកំពុងដើរល្បាតជារៀងរាល់ថ្ងៃ ដោយលេសថា ខ្លួនធ្លាប់ដើរលើផ្លូវខាងកម្ពុជា ហើយឈប់ដើរនៅលើផ្លូវដែលខ្លួនធ្លាប់ដើរល្បាត រាល់ថ្ងៃកន្លងមកទៅវិញ តែខាងកម្ពុជាមិនឯកភាព។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើង គោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ប្រចាំទឹសទី១ប្រាសាទព្រះវិហារ បានលើក ឡើងដោយបញ្ជាក់ថា កងទ័ពកម្ពុជាឯកភាពចំពោះកិច្ចសហ ប្រតិបត្តិការ ការទំនាក់ទំនងល្អ រួមគ្នាទប់ស្កាត់បង្ក្រាបរាល់សកម្មភាពល្មើសគ្រប់ប្រភេទ សំដៅលើការងារអភិវឌ្ឍន៍នៅក្នុងតំបន់ ប្រែក្លាយព្រំដែនសុខសន្តិភាព ធ្វើឲ្យពលរដ្ឋមានឱកាសដោះដូរទំនិញគ្នា ស្របតាមអ្វីដែលរដ្ឋាភិបាលថ្មី នៃប្រទេសទាំងពីរចង់បាន ។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងបន្តថា ចំណុចដែលខាងភាគីថៃចង់បាន កម្ពុជាយើងមិនឯកភាពឡើយ ព្រោះកន្លងមកថ្នាក់លើ ក៏ដូចជាថ្នាក់កងពលទាំងពីរ បានយល់ព្រម នឹងឯកភាពគ្នា តាមគោលការណ៍ដោយរក្សាគោលដៅឈរជើងចាស់ ហើយមិនឲ្យមានសកម្មភាពកើតឡើងថ្មី «ពោលគឺកងទ័ពកម្ពុជា និងកងទ័ពថៃ ឈរជើងនៅចំណុចណា ដើរផ្លូវល្បាតណា ត្រូវអនុវត្តតាមអ្វីដែលយើងធ្លាប់បានព្រមព្រៀងហើយនិងឯកភាពគ្នាកន្លងមក» ។
មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តម សេនីយ៍ឯក ស្រី ឌឹក បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ព្រោះកន្លងទៅជាយូរឆ្នាំមកហើយ កងទ័ព យើងទាំងពីរកម្ពុជា-ថៃ ដែលកំពុងមានវត្តមានឈរជើងតាមបណ្តោយព្រំដែន ក្នុងទិសទី១ ប្រាសាទព្រះវិហារ មានសភាពស្ងាត់ស្ងៀម បើទោះបីជាមានរឿងរាវខ្លះៗ យើងតែងតែយកគោលការណ៍ដោះស្រាយគ្នាដោយសន្តិវិធីតាមរយៈការណាត់ជួប ហូបបាយសាមគ្គី ចេញល្បាតជាមួយគ្នាជាប្រចាំតាមចំនុច និងទិសដៅដែលអង្គភាពយើងទាំងពីរទទួលខុសត្រូវ ពិសេសរាល់ពេលមានពិធី បុណ្យប្រពៃណីផ្សេងៗ កងកម្លាំងប្រដាប់អាវុធប្រទេសទាំងពីរ តែងតែរៀបចំធ្វើរួមជាមួយគ្នា សំដៅបង្កើនភាពស្និតស្នាល សាមគ្គី ឯកភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ព និងកងទ័ព ប្រជាជន និងប្រជាជន ប្រទេសជាប់ព្រំដែន៕
ដោយ៖ សូរិយា