ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខការពារជាតិ ៖ កម្ពុជាគ្មានការរារែកបញ្ជូនកងទ័ពរបស់ខ្លួន ក្នុងប្រតិបត្តិការរក្សាសន្តិភាព​ក្រោម​ឆត្រ​UNនោះឡើយ

ចែករំលែក៖

ចិន ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងទៅកាន់ថ្នាក់ ដឹកនាំក្រសួងការពារជាតិ និងកងទ័ពជាង ៦០ប្រទេស ដែលបានចូលរួម​នៅ​ក្នុងវេទិកាសៀងសាន លើកទី១០ នៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃ ទី៣០ ខែតុលា ឆ្នាំ២០២៣ ថា រាជរដ្ឋាភិបាលកម្ពុជា គ្មានការរារែក ក្នុងការបញ្ជូនកងទ័ពរបស់ខ្លួន ដើម្បីចូលរួម​ប្រតិបត្តិការ​រក្សាសន្តិភាព ក្រោមឆត្រអង្គការ​សហប្រជាជាតិនោះឡើយ ​ខណៈការបញ្ជូននេះ​គឺជាសក្ខីភាព​នៃការ​យកចិត្តទុកដាក់របស់កម្ពុជា ក្នុងការឲ្យតម្លៃចំពោះសន្តិភាព។

នាយឧត្តមសេនីយ៍ ​ទៀ សីហា បានបញ្ជាក់ថា«ក្នុងនាម ជាប្រទេសដែលចូលរួមចំណែក​បរិច្ចាគកងទ័ពក្នុងប្រតិបត្តិការរក្សាសន្តិភាព កម្ពុជា​នៅតែប្រកាន់ខ្ជាប់នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះប្រតិបត្តិការរក្សាសន្តិភាព ​ដែលជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់យើងចំពោះសន្តិភាព សន្តិសុខ ​និងស្ថិរភាពអន្តរជាតិ ​ដែលជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។

វេទិកាសៀងសាន (Xiangshan) លើកទី១០ ដែលបានប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិទីក្រុងប៉េកាំង ដោយមានការអញ្ជើញចូលរួមពី ប្រមុខថ្នាក់ដឹកនាំការពារជាតិ  និងកងទ័ពមកពីបណ្តាប្រទេសនៅ អឺរ៉ុប,អាហ្វ្រិក,អាស៊ី និងប្រទេសក្នុងតំបន់អាស៊ានចូលរួមជាង ៦០ប្រទេស ។ 

សូមបញ្ជាក់ថា រយៈពេល១៧ឆ្នាំមកនេះកម្ពុជា បានបញ្ជូនកងកម្លាំង​នៃកងយោធពលខេមរភូមិន្ទ សរុបចំនួន ៩២០៥នាក់ ​ក្នុងនោះ​នារីចំនួន៧២៦នាក់។

ប្រទេសដែលកម្ពុជា បានបញ្ជូនកងទ័ពរបស់ខ្លួនក្រោមឆត្រអង្គការ​សហប្រជាជាតិនោះ​គឺ​មានប្រទេសសាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, សាយប្រឺស, ស៊ីរី, ម៉ាលី, យេមេន ​និងកុងហ្គោជាដើម។ ជំនាញរបស់កងទ័ពកម្ពុជា​ ដែល​បាន​បញ្ជូនទៅនោះមាន​ដូចជា ​ជំនាញ​បោសសំអាតមីន, ​កម្ទេចគ្រឿងផ្ទុះ, ប្រឆាំង-បន្សាបគ្រឿង​ផ្ទុះកែច្នៃ,កងរាជ​អាវុធ​ហត្ថ,វិស្វកម្មពហុជំនាញ,នាយទាហានសេនាធិការ​ និង​សង្កេតការណ៍​យោធាជាដើម៕

ដោយ៖ សូរិយា


ចែករំលែក៖