ព័ត៌មានទាន់ហេតុការណ៍៖

“ជប៉ុន បន្តជួយគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា”

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសន្ទនាតាមទូរស័ព្ទប្រកបដោយផ្លែផ្កា ជាមួយលោកស្រី កាមិកាវ៉ា យ៉ូកុ (KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុន។

នៅក្នុងការផ្លាស់ប្តូរទស្សនៈគ្នាជាផ្លូវការជាលើកដំបូង ចាប់តាំងទទួលបានការតែងតាំងជា រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីទាំងពីរបានកោតសរសើរគ្នាទៅវិញទៅមក អំពីការរួមចំណែកយ៉ាង សំខាន់ដល់ការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ជាពិសេសក្នុងវិស័យដែលមានសារសំខាន់ដូចជា សេដ្ឋកិច្ច និងកិច្ចការច្បាប់ នៅក្នុងពេលបំពេញតួនាទីពីមុនរបស់ថ្នាក់ដឹកនាំទាំងពីរ។

ភាគីទាំងពីរបានអបអរសាទរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងកម្ពុជា- ជប៉ុនដែលត្រូវបានដំឡើងទៅ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈពេលដែល ប្រទេសទាំងពីរកំពុងអបអរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំនេះ។

រដ្ឋមន្ត្រីទាំងពីរក៏បានកត់សម្គាល់ ដោយការពេញចិត្តនូវការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនានា ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។ សមិទ្ធផលដែលគួរឱ្យកត់សម្គាល់រួមមាន ការពង្រីក ផ្សារអ៊ីអនម៉ល និងការសម្ភោធរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយូតា នៅឆ្នាំក្រោយ។ ភាគី ទាំងពីរក៏បានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមករួមមានវិស័យនយោបាយ ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ អភិបាលកិច្ចល្អ ច្បាប់ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។

លោកឧបនាយករដ្ឋមន្ត្រី បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និង ប្រជាជនជប៉ុនដែលបានរួមចំណែកយ៉ាងធំធេងដល់ដំណើរការសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។ លោកស្រីរដ្ឋមន្រ្តី  កាមិកាវ៉ា យ៉ូកុ (KAMIKAWA Yoko) បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តឥតងាករបស់ រដ្ឋាភិបាលជប៉ុនក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។

រដ្ឋាភិបាលជប៉ុនទន្ទឹងរង់ចាំស្វាគមន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរ ឆ្នាំទី ៥០ នៃមិត្តភាព និង កិច្ចសហប្រតិបត្តិការ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ពីថ្ងៃទី១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២៣ និងជំនួបកំពូលរវាងសម្តេចធិបតី និងលោក គីស៊ីដា ហ៊្វីមីអូ នាយក រដ្ឋមន្ត្រីជប៉ុន។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីការវិវត្តនៅក្នុងតំបន់ និងអន្តរជាតិរួមមានទំនាក់ ទំនងអាស៊ាន-ជប៉ុន កិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាព និងការបណ្តុះបណ្តាលការដោះមីន ព្រម ទាំងស្ថានការណ៍ដែលកាន់តែយ៉ាប់យឺននៅតំបន់ហ្គាហ្សា។ លោកស្រី កាមិកាវ៉ា យ៉ូកុ (KAMIKAWA Yoko) បានចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ជីវិតនិស្សិតកម្ពុជាម្នាក់ផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖