ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកសំពៅលូនឃាត់ខ្លួនពេទ្យឆ្មបម្នាក់ដែលរំលូតកូនបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ គ្រូពេទ្យឆ្មបមធ្យមម្នាក់ ត្រូវនគរបាលស្រុកសំពៅលូន ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារស្ត្រីរងគ្រោះ ដោយសារតែពេទ្យឆ្មបមធ្យមរូបនេះ បានរំលូតកូនបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៣និង១០នាទីរសៀល នៅចំណុចក្រុមទី៧ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅ លូន ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ ស៊ូ ម៉ាឡៃ ភេទស្រី អាយុ ៣៦ ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្ន ភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ  ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

តាមសមត្ថកិច្ចបានឲ្យដឹងថា ពេទ្យឆ្មបដែលត្រូវឃាត់ ខ្លួនឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទស្រី អាយុ ៥២ ឆ្នាំ មានទីលំនៅ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាពរំលូតកូនឲ្យស្ត្រី ជន រងគ្រោះក្នុងផ្ទៃដែលមានអាយុ ៥សប្តាហ៍ ដោយការប្រើទុយោបូមយកកូនចេញ ។ ក្រោយមកជនរងគ្រោះមានសភាពធ្ងន់ធ្ងរ ក៏បញ្ជូនទៅព្យាបាលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ និងបានបញ្ជូនព្យាបាលជម្ងឺបន្តនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង  ប៉ុន្តែដោយសារជនរងគ្រោះមានសភាពយ៉ាប់យ៉ឺនខ្លាំង រហូតដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង១៣ និង៥០ នាទី ជនរងគ្រោះក៏ បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងតែម្តង។

បន្ទាប់ពីទទួលបណ្ដឹងពីសាច់ញាតិដែលត្រូវជាបងបង្កើតជនរងគ្រោះរួចមក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង១០ និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរពេទ្យឆ្មបមធ្យម  បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖